មនុស្សម្នាក់ដែលត្រូវបានគេរកឃើញថាមានផ្ទុកមេរោគ Covid-19 បានចូលរួមសន្និសីទនយោបាយមួយនៅក្បែររដ្ឋធានី Washington ដែលមានការចូលរួមរបស់លោក Trump និងមន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកជាច្រើនរូបផងដែរ។
នៅក្នុងកិច្ចប្រជុំដែលមានឈ្មោះថា “សន្និសីទសកម្មភាពនយោបាយអភិរក្សនិយម” ហៅកាត់ថា CPAC(Conservative Political Action Conference) ដែលមានវត្តមានរបស់អ្នកជំងឺកូរ៉ូណាម្នាក់ខាងលើនេះ និងត្រូវបានធ្វើឡើងនៅក្នុងរដ្ឋ Maryland នៃសហរដ្ឋអាមេរិក កាលពីថ្ងៃទី26 ដល់ថ្ងៃទី29 ខែមីនា ឆ្នាំ2020នោះ គេឃើញថាមានការចូលរួមរបស់មន្ត្រីជាន់ខ្ពស់អាមេរិកជាច្រើនរូប ដូចជាប្រធានាធិបតីអាមេរិក Donald Trump អនុប្រធានាធិបតីអាមេរិក Mike Pence។ល។
សហភាពអភិរក្សអាមេរិកាំង ACU (American Conservative Union) ដែលជាអ្នករៀបចំកិច្ចប្រជុំនេះ បានឱ្យដឹងថា “ម្នាក់នេះបានឆ្លងមេរោគ មុនពេលមកចូលរួមកិច្ចប្រជុំ។ មន្ទីរពេទ្យនៅ New Jersey បានបង្ខាំងអ្នកជំងឺនេះ និងបានធ្វើតេស្តរកមេរោគ ហើយក្រោយមក មជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់រោគឆ្លងរបស់សហរដ្ឋអាមេរិក បានបញ្ជាក់ថា មនុស្សនេះមានផ្ទុកមេរោគកូរ៉ូណាពិតមែន”។
“អ្នកជំងឺនេះមិនបាននៅក្បែរប្រធានាធិបតី ឬអនុប្រធានាធិបតី និងមិនបានចូលរួមក្នុងព្រឹត្តិការសំខាន់នៃកិច្ចប្រជុំនេះទេ” នេះបើតាម ACU។
សហរដ្ឋអាមេរិក បច្ចុប្បន្ន មានអ្នកជំងឺ Covid-19 ចំនួន 433នាក់ ក្នុងនោះមាន 17នាក់បានស្លាប់ ខណៈនៅទូទាំងពិភពលោក មានប្រទេស និងដែនដីចំនួន102 បានរាយការណ៍ថា មានអ្នកឆ្លងមេរោគនេះ ក្នុងនោះដែរចំនួនអ្នកបានឆ្លងមេរោគកូរ៉ូណាសរុប 106,165នាក់ ដោយបូករួមទាំងអ្នកដែលបានស្លាប់ចំនួន 3,594នាក់៕
ប្រភព៖ សារព័ត៌មានបរទេស