គ្រោះបោកកម្មបក់…ហ៊ូពេយ ត្រៀមប្រឈមនឹងអាកាសធាតុប្រែប្រួល ដែលនឹងមកដល់នៅដើមខែមីនា

សារព័ត៌មានស៊ីនហួ កាលពីថ្ងៃទី25កុម្ភៈម្សិលមិញ បានឱ្យដឹងថា អង្គភាពឧតុនិយម និងការព្យាករអាកាសធាតុរបស់មណ្ឌលហ៊ូពេយ ភាគកណ្ដាលរបស់ប្រទេសចិន បានព្យាករថា ក្នុងអំឡុងមិនប៉ុន្មានថ្ងៃខាងមុខនេះ ហ៊ូពេយនឹងត្រូវប្រឈមនឹងស្ថានភាពធាតុអាកាសយ៉ាប់យ៉ឺនខ្លាំង ដែលអាចនឹងមានផលប៉ះពាល់អវិជ្ជមានដល់ការតស៊ូប្រឆាំងនឹងមេរោគវីរុសកូរ៉ូណា COVID-19 ដែលកំពុងដំណើរការជាបន្តបន្ទាប់ក្នុងពេលនេះ។

គណៈកម្មការសម្រាលគ្រោះភ័យរបស់មណ្ឌលហ៊ូពេយ បានបញ្ជាក់ថា ចាប់តាំងពីថ្ងៃអង្គារ(ទី25កម្ភៈ)តទៅ ហ៊ូពេយដែលជាប្រភពកណ្ដាលនៃការឆ្លងរាលដាលមេរោគវីរុស នឹងមានសីតុណ្ហភាពធ្លាក់ចុះខ្លាំងបំផុតដល់ 12អង្សាC ហើយនឹងមានភ្លៀងធ្លាក់ញឹកញាប់ រួមទាំងផ្គររន្ទះដែលអាចបន្តរហូតដល់ដើមខែមីនា។

គណៈកម្មការនេះ បានប្រកាសព្រមានអាជ្ញាធរក្នុងតំបន់ និងប្រជាជនឱ្យប្រយ័ត្នរោគរាតត្បាតក្នុងរដូវស្លឹក​ឈើលាស់ ដែលនឹងហុចផលប៉ះពាល់ដល់ការងារកសិកម្ម និងបង្កឱ្យមានគ្រោះវិបត្តិផ្សេងទៀតកើតឡើង ដូច​ជាទឹកហូរខ្លាំង បាក់ដីនៅក្នុងតំបន់ភ្នំ រួមទាំងភ្លើងឆេះព្រៃដែលបណ្ដាលមកពីរន្ទះបាញ់ទៀតផង។

ទាំងអស់នេះ គណៈកម្មាធិការមណ្ឌលហ៊ូពេយ បានណែនាំអង្គភាពគមនាគមន៍ទូទាំងមណ្ឌលឱ្យដំណើរការវិធាន​ការការពារទុកជាមុនឱ្យរួចជាស្រេចដើម្បីទប់ទល់នឹងហេតុការណ៍ភ្លៀង ព្យុះ និងខ្យល់បោកបក់ខ្លាំង ដើម្បីឱ្យការដឹកជញ្ជូនឧបករណ៍ការពារ និងការធ្វើដំណើររបស់ក្រុមមន្ត្រីប្រយុទ្ធប្រឆាំងការឆ្លងរាលដាលរបស់មេរោគវីរុសដំណើរការទៅដោយរលូនផង៕

ប្រភព ៖ សារព័ត៌មានបរទេស

Advertisement