សហរដ្ឋអាមេរិក មានអ្នកផ្ទុកមេរោគកូរ៉ូណាសរុបចំនួន57នាក់ហើយ ខណៈដែលមជ្ឈមណ្ឌលទប់ស្កាត់ និងគ្រប់គ្រងអាសន្នរោគរបស់ប្រទេសនេះ បានព្រមានថា COVID-19 អាចឆ្លងរាលដាលខ្លាំងនៅទូទាំងប្រទេស។
យោងតាម CNN មន្ត្រីជាន់ខ្ពស់ម្នាក់មកពីមជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់អាសន្នរោគនៃសហរដ្ឋអាមេរិក(Centers for Disease Control and Prevention/CDC) កាលពីថ្ងៃទី25កុម្ភៈ បានព្រមានចំពោះពលរដ្ឋអាមេរិកាំងទាំងអស់ថា ក្រុមអ្នកជំនាញបានព្យាករថា វីរុសកូរ៉ូណានេះអាចឆ្លងរាលដាលខ្លាំងនៅទូទាំងសហរដ្ឋអាមេរិក។
ក្នុងថ្ងៃទី25កុម្ភៈដដែល CDC ក៏បានបញ្ជាក់ដែរថា អាមេរិកមានអ្នកផ្ទុកមេរោគកូរ៉ូណាចំនួន57ករណី បូករួមទាំង4ករណីថ្មី ដែលអ្នកជំងឺទាំងនោះគឺជាអ្នកទេសចររបស់នាវា Diamond Princess នៅជប៉ុន។ បច្ចុប្បន្ន សហអាមេរិកមានអ្នកជំងឺកូរ៉ូណាដែលមកពីនាវា Diamond Princess ចំនួន40នាក់។
លោកស្រី Nancy Messonnier ដែលជាប្រធានមជ្ឈមណ្ឌល CDC បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ “យើងគិតថានឹងមានការឆ្លងរាលដាលនៅអាមេរិក។ សំណួរដែលត្រូវសួរនៅពេលនេះ មិនមែនថាតើការឆ្លងរាលដាលនឹងកើតឡើងដែរឬអត់នោះទេ ប៉ុន្តែគឺថា តើវាកើតឡើងនៅពេលណា និងមានមនុស្សប៉ុន្មាននាក់នៅប្រទេសនេះនឹងត្រូវឆ្លងវីរុស ហើយត្រូវធ្លាក់ខ្លួនឈឺធ្ងន់”។
នៅលើទំព័រ Twitter មជ្ឈមណ្ឌល CDC បានសរសេរថា ពលរដ្ឋអាមេរិកាំង គួរតែត្រៀមខ្លួនឱ្យបានរួចរាល់សម្រាប់សេនារីយ៉ូខាងលើ។ “ពេលនេះ គឺជាវេលាដែលបណ្ដាក្រុមហ៊ុន និងមន្ទីរពេទ្យនានា រួមនឹងពលរដ្ឋ ត្រូវតែត្រៀមសម្រាប់ស្ថានការណ៍ដែល COVID-19 នឹងកើតឡើង”។
លោកស្រី Messonnier បានឱ្យថា CDC ចង់ឱ្យពលរដ្ឋអាមេរិកាំងយល់ច្បាស់ជាមុនថា ជីវភាពរបស់គេអាចនឹងត្រូវបានរំខាន ប៉ុន្តែ លោកស្រីជំរុញឱ្យពួកគេសហការជាមួយ CDC ដើម្បីត្រៀមខ្លួនទុកជាមុន នៅពេលស្ថានការណ៍អាក្រក់កើតឡើង។
អាសន្នរោគ COVID-19 បានចាប់ផ្ដើមឆ្លងរាលដាលដំបូងនៅទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិន កាលពីខែធ្នូ ឆ្នាំ2019។ មកដល់បច្ចុប្បន្ន អាសន្នរោគនេះបានសម្លាប់មនុស្សជាង2,760នាក់ និងបានឆ្លងទៅមនុស្សជិត90,000នាក់ នៅទូទាំងពិភពលោក៕
ប្រភព៖ សារព័ត៌មានបរទេស