ក្រោយពីចំណាយពេលជាច្រើនថ្ងៃ បណ្ដែតខ្លួននៅលើសមុទ្រ ព្រោះគ្មានប្រទេសណាអនុញ្ញាតឱ្យចូលចត ដោយសារតែភ័យខ្លាចមានមេរោគកូរ៉ូណា ពេលនេះនាវាទេសចរណ៍ Westerdam ក៏បានមកដល់ក្រុងព្រះសីហនុ តាមការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា។
នៅព្រឹកថ្ងៃទី 13កុម្ភៈនេះ នាវាដឹកអ្នកទេសចរ Westerdam ដែលដោតទង់ជាតិហូឡង់ និងមានផ្ទុកអ្នកដំណើរ 1455នាក់ និងនាវិក 800នាក់ បានមកដល់ក្រុងព្រះសីហនុ។
អ្នកដំណើរទាំងអស់ដែលនៅលើកប៉ាល់នេះ បានត្រូវអនុញ្ញាតឱ្យឡើងគោក ដើម្បីធ្វើដំណើរទៅកាន់ក្រុងភ្នំពេញ ហើយឡើងយន្តហោះ ឆ្ពោះទៅកាន់ប្រទេសរៀងៗខ្លួន។
ក្រុមហ៊ុន Holland America Line និងអ្នកទេសចរទាំងអស់ មានការសប្បាយចិត្តយ៉ាងខ្លាំង និងបានអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាចំពោះការអនុញ្ញាតនេះ។ ក្រុមហ៊ុន Holland America Line ដែលជាម្ចាស់នាវានេះ ក៏នឹងចេញសោហ៊ុយធ្វើដំណើរដល់អតិថិជនរបស់ខ្លួន រហូតដល់ពួកគេទៅដល់ផ្ទះ។
ទាក់ទិននឹងបញ្ហានេះដែរ ប្រធានអង្គការសុខភាពពិភពលោក WHO លោក Tedros Adhanom Ghebreyesus ក៏បានអរគុណចំពោះសម្តេច ហ៊ុន សែន ដែលបានអនុញ្ញាតឱ្យនាវា Westerdam ចូលចតក្នុងកំពង់ផែក្រុងព្រះសីហនុ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក W. Patrick Murphy បានបង្ហោះសារមួយតាមបណ្តាញសង្គម Twitter ដោយសូមអរគុណ និងកោតសរសើរយ៉ាងខ្លាំងចំពោះទឹកចិត្តរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតជួយឱ្យកប៉ាល់ខ្នាតយក្ស Westerdam ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលកំពុងវិលវល់នោះចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី 13 ខែកុម្ភៈ ឆ្នាំ2020នេះ។
មុននេះ ប្រទេសថៃ និងបណ្ដាប្រទេស និងកោះមួយចំនួន បានបដិសេធមិនឱ្យនាវា Westerdam ចូលចតក្នុងកំពង់ផែរបស់ពួកគេ ដោយសារតែមានការព្រួយបារម្ភ ខ្លាចមានវត្តមានមេរោគកូរ៉ូណានៅលើកប៉ាល់នេះ បើទោះថ្នាក់ដឹកនាំកប៉ាល់បានអះអាងថា មិនមានអ្នកណាមានផ្ទុកមេរោគនេះក៏ដោយ។
គួររំឭកថា កប៉ាល់ Diamond Princess ដែលបច្ចុប្បន្ន ស្ថិតនៅក្នុងកំពង់ផែមួយរបស់ជប៉ុន ត្រូវគេដាក់ឱ្យនៅដាច់ដោយឡែក ព្រោះតែមានអ្នកផ្ទុកមេរោគកូរ៉ូណានៅលើនាវានោះ ហើយគេក៏បានរកឃើញអ្នកផ្ទុកមេរោគកូរ៉ូណា កាន់តែច្រើនឡើងៗ។ ប្រការនេះហើយ ធ្វើឱ្យនាវា Westerdam របស់ក្រុមហ៊ុន Holland America Line ទទួលរងឧបសគ្គដោយសារបញ្ហានៅលើនាវា កប៉ាល់ Diamond Princess៕