ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគរលាតសួត Wuhan (corona) នៅព្រឹកថ្ងៃទី27 ខែមករានេះ សមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិក្រុងប៉ោយប៉ែត បានចុះចែកម៉ាស់ជូនពលរដ្ឋ និងអ្នកទេសចរណ៍ដែលឆ្លងកាត់ច្រកអន្តរជាតិមួយនេះ។
សកម្មភាពចែកម៉ាស់ការពារដោយមិនគិតថ្លៃនេះ ត្រូវបានធ្វើឡើងនៅតាមទីតាំងសំខាន់ៗចំនួន3 គឺច្រកស្ពានព្រំដែនខ្មែរ-ថៃ(អូរជ្រៅ) ទីតាំងក្បែរការិយាល័យបំពេញបែបបទចេញក្រៅប្រទេស និងទីតាំងក្បែរការិយាល័យបំពេញបែបបទចូលប្រទេស។
ប្រភពព័ត៌មានបានឱ្យដឹងថា ម៉ាស់ចំនួន1លានសន្លឹកនេះ គឺជាការឧបត្ថម្ភរបស់អាជិវករលក់ដូរនៅក្នុងផ្សាររោងក្លឿ អាជីវករក្រុងប៉ោយប៉ែត រួមនឹងសប្បុរសជនមួយភាគធំនៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ការចុះចែកម៉ាស់នៅពេលព្រឹកនេះ ត្រូវបានដឹកនាំដោយអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត លោក គាត ហ៊ុល និងឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត រួមនឹងកងកម្លាំងនគរបាលមួយចំនួនធំផងដែរ។ ការចុះចែកម៉ាស់បែបនេះ នឹងត្រូវធ្វើឡើងជាបន្តបន្ទាប់ទៀត ចាប់ពីពេលនេះរហូតដល់ស្ថានការណ៍នៃជំងឺរលាកសួត Wuhan មានការប្រសើរឡើងវិញ។
ទន្ទឹមនឹងដំណឹងល្អខាងលើ នៅឯខេត្តសៀមរាបឯណោះវិញ ក៏មានសកម្មភាពចុះចែកម៉ាស់ដោយមិនគិតថ្លៃផងដែរ។ សកម្មភាពនេះត្រូវបានធ្វើឡើងដោយសមាគម មគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន-កម្ពុជា។
ប្រធានសមាគម មគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន-កម្ពុជា លោក ទៀ គីឡេង បានឱ្យដឹងកាលពីរសៀលថ្ងៃទី26 មករាម្សិលមិញថា លោកនឹងចាប់ផ្តើមចុះចែកម៉ាស់ចំនួន 1ម៉ឺនសន្លឹក ទៅតាមគោលដៅ 4សំខាន់ៗក្នុងរមណីយដ្ឋានអង្គរ ដូចជានៅព្រលានយន្តហោះអន្តរជាតិ អតីតកន្លែងពិនិត្យសំបុត្រចាស់នៅផ្លូវហ្សាលដឺហ្គោល កន្លែងពិនិត្យសំបុត្រនៅមុខប្រាសាទអង្គរវត្ត និងកន្លែងពិនិត្យសំបុត្រផ្លូវ 60ម៉ែត្រ ផ្លូវកែងឆ្ពោះទៅប្រាសាទក្រវាន់។ តាមការបញ្ជាក់ពីលោកប្រធានសមាគម បានឱ្យដឹងទៀតថា ការចុះចែកម៉ាស់ការពារដល់ទេសចរជាតិ និងអន្តរជាតិបានចាប់ផ្តើមតាំងពីរសៀលថ្ងៃទី26 រហូតដល់អស់ម៉ាស់តែម្ដង។
ទន្ទឹមនឹងព័ត៌មានដ៏គួរឱ្យត្រេកអរខាងលើ ក៏មានដំណឹងមិនសូវល្អប៉ុន្មានដែរទាក់ទិននឹងការចំណាយម៉ាស់ការពារនេះ ដោយនៅក្នុងបណ្ដាញសង្គមជាច្រើននាពេលថ្មីៗនេះ គេឃើញមានការចែករំលែកពីគណនីមួយទៅគណនីមួយ អំពីតម្លៃម៉ាស់ស្ទើរគ្រប់តំបន់។
ជាក់ស្ដែងមានគណនីហ្វេសប៊ុកមួយឈ្មោះ 丽儿 បានផូស្តរៀបរាប់ពីការឆ្លៀតឱកាសកេងប្រវ័ញ្ច និងដំឡើងថ្លៃម៉ាសនេះ ដោយគណនីមួយនេះបានបញ្ជាក់ថា ម៉ាស់កាពារ មុននេះថ្លៃតែ 2.5ដុល្លារប៉ុណ្ណោះក្នុង 1ប្រអប់ដែលមាន 50ម៉ាស់ ប៉ុន្តែពេលនេះគេលក់តម្លៃ ដល់ទៅ 6ដុល្លារក្នុង 1ប្រអប់។
គួរឱ្យដឹងផងដែរថា តម្លៃម៉ាស់របស់ពេទ្យធម្មតា គ្រប់ពណ៌ ទាំងពណ៌ផ្ទៃមេឃ ខ្មៅ និងផ្កាឈូក 1ប្រអប់តម្លៃត្រឹមតែ 2.5ដុល្លារប៉ុណ្ណោះ ឯការលក់រាយវិញគឺ 2តម្លៃ 500រៀល ចំណែកឯម៉ាស់ប្រភេទការពារ N95 និង 3M វិញតម្លៃត្រឹមតែ 1$ ទៅ 2$ ប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ន តម្លៃនេះត្រូវបានគេគុណឡើងទ្វេដងជាបន្តបន្ទាប់។
ដោយឡែក ថ្មីៗនេះ ក្រសួងសុខាភិបាលបានអំពាវនាវដល់អ្នកដែលលក់ម៉ាស់ការពារ (mask)ទាំងអស់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា សូមចូលរួមទប់ស្កាត់ការចម្លងវីរុស កូរ៉ូណាថ្មី (2019-nCoV) ដោយសូមកុំដំឡើងថ្លៃ ម៉ាស់ ដោយទុកលទ្ធភាពឱ្យបងប្អូនប្រជាពលរដ្ឋយើង ដែលមានតម្រូវការប្រើម៉ាស់ អាចទិញប្រើប្រាស់បាន ដើម្បីចូលរួម ការពារសុខភាពផ្ទាល់ខ្លួនពីការចម្លងជំងឺដ៏គួរឱ្យភ័យខ្លាចនេះ៕