
(សហរដ្ឋអាម៉េរិក) – ការសិក្សាស្រាវជ្រាវថ្មីបានបង្ហាញឱ្យឃើញថា ការគោរពតាមទម្លាក់ដេក 8 ម៉ោង/ថ្ងៃ ងាយដេកលក់ អារម្មណ៍ល្អពេលក្រោកពីដេក និងមិនលេបថ្នាំជាដើម អាចជួយបង្កើនអាយុបាន 5 ឆ្នាំបន្ថែមទៀត។
លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះត្រូវបានអធិប្បាយនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សាកលវិទ្យាល័យបេះដូងអាម៉េរិក កាលពីថ្ងៃទី 23 កុម្ភៈ 2023។
វេជ្ជបណ្ឌិត Frank Qian មកពីមជ្ឈមណ្ឌលសុខាភិបាល Beth Israel Deaconess និងជាវេជ្ជបណ្ឌិតប្រចាំសាលាពេទ្យ Harvard បានឱ្យដឹងថា ទម្លាប់ដេកដ៏ល្អនឹងជួយឱ្យគ្រប់គ្នារស់បានយូរ។ «បើសិនអាចកែលំអដំណេកឱ្យបានគ្រប់ជ្រុងជ្រោយ និងដឹងច្បាស់អំពីស្ថានភាពពិបាកដេក យើងនឹងអាចទប់ស្កាត់បាននូវករណីឆាប់ស្លាប់» លោកវេជ្ជបណ្ឌិត Frank Qian ថ្លែងដូច្នេះ។

យោងតាម Raj Dasgupta សាស្ត្រាចារ្យរងផ្នែកវេជ្ជសាស្ត្រប្រចាំមហាវិទ្យាល័យ Keck នៃសាកលវិទ្យាល័យ California ខាងត្បូង ក្រៅពីការដេកគ្រប់គ្រាន់ និងមានគុណភាព គ្រប់គ្នាក៏គួររក្សាទម្លាប់ដេក ពេលវេលាដេក និងរយៈពេលដេកឱ្យបានស៊ីចង្វាក់គ្នា។ នេះគឺជាទម្លាប់ដែលជួយកាត់បន្ថយការកើតជំងឺបេះដូង។
លទ្ធផលនៃការស្រាវជ្រាវនេះត្រូវបានធ្វើឡើងដោយការវិភាគទិន្នន័យពីតារាងចម្លើយដែលបានមកពីអ្នកស្ម័គ្រចិត្តជាង 172,000 នាក់ រាប់ចាប់ពីឆ្នាំ 2013 ដល់ 2018។ នេះក៏ជាផ្នែកមួយនៃការស្ទង់មតិថ្នាក់ជាតិស្ដីពីសុខភាពដែលអនុវត្តដោយមជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជំងឺឆ្លង (CDC) និងមជ្ឈមណ្ឌលជាតិស្ថិតិសុខាភិបាលរបស់សហរដ្ឋអាម៉េរិក។
ការសិក្សាស្រាវជ្រាវក៏បានបង្ហាញថា បុរសដែលបានគោរពអនុវត្តទម្លាប់ដេកត្រឹមត្រូវ មានអាយុវែងជាង 4.7 ឆ្នាំ ធៀបនឹងមនុស្សដែលមិនមានទម្លាប់ដេកល្អ។ ចំណែកស្ត្រីវិញ តួលេខនេះមានកម្រិតទាបជាងឆ្ងាយ (2.4 ឆ្នាំ)៕
