ក្រសួងសុខាភិបាល សម្រេចបិទ និងដកហូតលិខិតអនុញ្ញាតឱ្យបើកមន្ទីរសម្រាកព្យាបាលឯកជនឈ្មោះ ដើមអង្ក្រង ដែលមានទីតាំងនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ 3 ឃុំអង្គពពេល ស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ របស់លោកស្រីវេជ្ជបណ្ឌិត សូស ច័ន្ទរស្មី។
ការសម្រេចនេះត្រូវបានធ្វើឡើងបន្ទាប់ពី ក្រសួងសុខាភិបាល បានបិទបណ្ដោះអាសន្នចំពោះមន្ទីរសម្រាកព្យាបាលខាងលើ ក្រោយពីមានករណីរំលូតយកទារកក្នុងផ្ទៃដែលបានស្លាប់ ហើយកាត់ចំពោះវៀនរបស់ស្ត្រីជាម្ដាយ នាំឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរកាលពីពេលថ្មីៗនេះ។
ក្នុងសេចក្ដីសម្រេចចុះថ្ងៃទី 08 ធ្នូ 2022 ក្រសួងសុខាភិបាល បានឱ្យដឹងថា មន្ទីរសម្រាកព្យាបាល ដើមអង្ក្រង បានប្រើប្រាស់បុគ្គលិកផ្សេងដែលគ្មានការបណ្ដុះបណ្ដាល គ្មានការចុះបញ្ជីគណៈវិជ្ជាជីវៈ និងប្ដូរទីតាំងដោយគ្មានការជូនដំណឹង។ ចំណែកអ្នកដែលពាក់ព័ន្ធ និងម្ចាស់មន្ទីរសម្រាកព្យាបាលនេះ នឹងត្រូវទទួលខុសត្រូវនៅចំពោះមុខច្បាប់។