ឥណ្ឌូណេស៊ី បានផ្អាកបណ្ដោះអាសន្នការលក់រាល់ឱសថប្រភេទស៊ីរ៉ូ និងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើថ្នាំស៊ីរ៉ូ paracetamol ដែលប្រើប្រាស់ក្នុងប្រទេស។
កាលពីថ្ងៃទី ២០ តុលា រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌូណេស៊ី លោក Budi Guandi Sadikin ឱ្យដឹងថា ថ្នាំប្រភេទស៊ីរ៉ូមួយចំនួននៅ ឥណ្ឌូណេស៊ី មានផ្ទុកសមាសធាតុដែលទាក់ទងនឹងជំងឺតម្រងនោមស្រួចស្រាវ ធ្វើឱ្យកុមារជាច្រើនសិបនាក់បាត់បង់ជីវិត។ ការសន្និដ្ឋាននេះត្រូវបានលើកឡើងបន្ទាប់ពី ក្រុមមន្ត្រីឥណ្ឌូណេស៊ី បើកការស្រាវជ្រាវអំពីការកើនឡើងខ្ពស់នៃករណីជំងឺដែលទាក់ទិននឹងរបួសតម្រងនោមភ្លាមៗបណ្ដាលឱ្យកុមារ ៩៩ នាក់ស្លាប់នៅក្នុងឆ្នាំនេះ។
ឥណ្ឌូណេស៊ី បានផ្អាកបណ្ដោះអាសន្នការលក់រាល់ឱសថប្រភេទស៊ីរ៉ូ និងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើថ្នាំស៊ីរ៉ូ paracetamol ដែលប្រើប្រាស់ក្នុងប្រទេសសម្រាប់ព្យាបាលអាការក្ដៅខ្លួននៅលើកុមារ ដែលមានផ្ទុកសារធាតុ diethylene glycol និង ethylene glycol។
ចំណែក រដ្ឋាភិបាលនៃ ប្រទេសហ្កំប៊ី វិញ ក៏កំពុងតែស្រាវជ្រាវលើករណីស្លាប់ដោយសាររបួសតម្រងនោមស្រួចស្រាវនៅលើកុមារ ដែលបានប្រើប្រាស់ថ្នាំស៊ីរ៉ូ paracetamol ក្រៅពីមានករណីស្លាប់ ៧០ នាក់នៅប្រទេសនេះ។ ថ្នាំស៊ីរ៉ូនេះត្រូវបានផលិតដោយក្រុមហ៊ុន Maiden Pharmaceuticals Ltd ដែលមានទីស្នាក់ការកណ្ដាលនៅ ញូវដែលី ប្រទេសឥណ្ឌា។
អាជ្ញាធរឥណ្ឌា បានឱ្យដឹងថា ក្រសួងសុខាភិបាលប្រទេសនេះកំពុងស្រាវជ្រាវលើផលិតផលឱសថរបស់ក្រុមហ៊ុន Maiden Pharmaceuticals ដើម្បីស្វែងរកការពិត។
យោងតាម រដ្ឋមន្ត្រី Sadikin សារធាតុ ethylene glycol និង diethylene glycol ត្រូវបានរកឃើញនៅក្នុងផលិតផលដែលរកឃើញនៅក្នុងផ្ទះរបស់អ្នកជំងឺមួយចំនួន។ លោក Sadikin ថ្លែងថា «ប្រភេទស៊ីរ៉ូមួយចំនួនដែលអ្នកជំងឺអាយុក្រោម ៥ ឆ្នាំ ដែលមានរបួសតម្រងនោមស្រួចស្រាវប្រើប្រាស់ ត្រូវបានបញ្ជាក់ថា មានផ្ទុក ethylene glycol និង diethylene glycol។
គិតត្រឹមថ្ងៃទី ២០ តុលា ឥណ្ឌូណេស៊ី បានរកឃើញករណីរបួសតម្រងនោមភ្លាមៗចំនួន ២០៦ នាក់ ក្នុងនោះមាន ៩៩ នាក់បានស្លាប់ នៅក្នុងឆ្នាំនេះ។ លោក Sadikin បញ្ជាក់ថា តួលេខពិតប្រាកដអាចខ្ពស់ជាង ធៀបនឹងរបាយការណ៍នេះ៕