ក្រសួងសុខាភិបាលឥណ្ឌូណេស៊ី កាលពីថ្ងៃទី ១៩ តុលា បានប្រកាសថា បានរកឃើញកុមារ ៩៩ នាក់ បានស្លាប់ដោយសាររបួសតម្រងនោម ទាក់ទិននឹងថ្នាំក្អកប្រភេទទឹកស៊ីរ៉ូ paracetamol ព្យាបាលអាការក្ដៅ ដែលនាំចូលពី ឥណ្ឌា។
អ្នកនាំពាក្យរបស់ ក្រសួងសុខាភិបាលឥណ្ឌូណេស៊ី បានឱ្យដឹងថា គិតត្រឹមថ្ងៃទី ១៨ តុលា ២០២២ ប្រទេសនេះបានរកឃើញករណីរបួសតម្រងនោមស្រួចស្រាវចំនួន ២០៦ នាក់ ក្នុងនោះមាន ៩៩ នាក់បានបាត់បង់ជីវិត។
ស្ថាប័នគ្រប់គ្រងអាហារ និងឱសថជាតិឥណ្ឌូណេស៊ី កំពុងស្រាវជ្រាវដើម្បីឱ្យដឹងថា សមាសធាតុ diethylene glycol និង ethylene glycol ក្នុងស៊ីរ៉ូក្អក ធ្វើឱ្យមានជាតិពុលនៅក្នុងបណ្ដាធាតុដទៃដែលត្រូវបានប្រើប្រាស់ជាធាតុផ្សំក្នុងថ្នាំនេះដែរ ឬយ៉ាងណា។
ក្រសួងសុខាភិបាលឥណ្ឌូណេស៊ី បានស្នើឱ្យមន្ទីរពេទ្យ និងមជ្ឈមណ្ឌលសុខាភិបាលក្នុងប្រទេស ប្រមូលយកថ្នាំប្រភេទខាងលើ ទៅពិនិត្យរកសារធាតុពុល និងផ្អាកការលក់ថ្នាំស៊ីរ៉ូក្អកដែលមានផ្ទុក paracetamol នេះរហូតដល់មានប្រកាសថ្មី៕