វិទ្យាស្ថានសេរ៉ូមឥណ្ឌា (SII) ដែលជាអ្នកផលិតវ៉ាក់សាំងធំជាងគេបង្អស់ក្នុងពិភពលោក បានអភិវឌ្ឍវ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូនដំបូងរបស់ខ្លួន និងត្រូវបានដាក់លក់ក្នុងទីផ្សារនាពេលឆាប់ៗខាងមុខ។ SII និង រដ្ឋាភិបាលឥណ្ឌា បានបញ្ជាក់អំពីព័ត៌មាននេះកាលពីថ្ងៃទី ០១ កញ្ញា។
មហារីកមាត់ស្បូនគឺជាជំងឺមហារីកដែលកើតមានច្រើនជាងគេលំដាប់ទី ៤ នៅលើស្ត្រី ក្នុងនោះ ក្នុងឆ្នាំ ២០២០ មានស្ត្រីចំនួន ៦០៤,០០០ នាក់ បានកើតជំងឺនេះ និង ៣៤២,០០០ នាក់បានបាត់បង់ជីវិត។ ប្រមាណ ៩០% នៃករណីកើតជំងឺនេះ កើតឡើងនៅក្នុងបណ្ដាប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម។
វីរុស ២ ប្រភេទគឺ HPV 16 និង HPV 18 គឺជាដើមហេតុដែលនាំឱ្យកើតជំងឺមហារីកមាត់ស្បូន យ៉ាងតិច ៧០% ក្នុងចំណោមករណីសរុប។ ការិយាល័យបច្ចេកវិទ្យាជីវសាស្ត្រឥណ្ឌា បានឱ្យដឹងថា វ៉ាក់សាំងថ្មីរបស់ប្រទេសនេះនឹងមានប្រសិទ្ធភាពចំពោះវីរុសប្រភេទ HPV 16 និង ១៨ ក៏ដូចជាប្រភេទ ៦ និង ១១។
បច្ចុប្បន្ន ក្រុមហ៊ុន Merck និង GSK គឺជាអ្នកផលិតវ៉ាក់សាំងបង្ការវីរុស HPV សំខាន់ជាងគេនៅក្នុងពិភពលោក។
នាយកប្រតិបត្តិរបស់ SII លោក Adar Poonawalla ឱ្យដឹងថា វ៉ាក់សាំងនេះនឹងត្រូវបានដាក់លក់ក្នុងទីផ្សារនាប៉ុន្មានខែខាងមុខ ប៉ុន្តែ ដំបូងត្រូវលក់នៅក្នុងប្រទេស មុននឹងដាក់លក់នៅបរទេស។ វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូននេះនឹងមានតម្លៃចាប់ពី ២.៥១ ដល់ ៥.០៣ ដុល្លារអាម៉េរិក/ដូស។ ក្រុមហ៊ុន SII កំណត់គោលដៅផលិតវ៉ាក់សាំងនេះឱ្យបាន ២០០ លានដូសក្នុងអំឡុង ២ ឆ្នាំខាងមុខ។
វ៉ាក់សាំងខាងលើនឹងត្រូវបានប្រើប្រាស់តាមរយៈការចាក់ ក្នុងនោះ ក្រុមមនុស្សដែលមានអាយុពី ៩ ដល់ ១៤ ឆ្នាំ តម្រូវឱ្យចាក់ ២ ដូស និងក្រុមដែលមានអាយុពី ១៥ ដល់ ២៦ ឆ្នាំ តម្រូវឱ្យចាក់ ៣ ដូស៕