នៅពេលបានឮថា ខ្លួនឆ្លងវីរុស Lassa បុរសម្នាក់ឈ្មោះ Victory Ovuoreoyen គិតថា នេះគឺជា «សញ្ញាខណ្ឌបរិយោសាន» សម្រាប់ជីវិតរបស់គាត់។
Victory Ovuoreoyen ជាអាជីវករមួយរូប ហាក់មិនអាចងើបដើរបាន និងមានការបារម្ភខ្លាំងអំពីជីវិតរបស់ខ្លួន នៅពេលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅទីក្រុង Owo ភាគនិរតីនៃ ប្រទេសនីហ្សេរីយ៉ា។ គាត់មានអាការក្ដៅខ្លួនខ្លាំង ក្អួតចង្អោរ និងចុះរាកយ៉ាងធ្ងន់ធ្ងរ។
ប៉ុន្តែ ក្រោយការព្យាបាល ៤ ថ្ងៃ នៅក្នុងមណ្ឌលចត្តាឡីស័ក អ្នកជំងឺនេះបច្ចុប្បន្នអាចក្រោកអង្គុយត្រង់ខ្នងនៅលើគ្រែបានហើយ។ Victory Ovuoreoyen គឺជាអ្នកជំងឺម្នាក់ក្នុងចំណោមអ្នកជំងឺតិចតួចដែលអាចមានកម្លាំងនិយាយបាន។
អ្នកជំងឺវ័យ ៤៨ ឆ្នាំខាងលើគឺជាមនុស្សមានសំណាងមួយរូបដែលមានសុខភាពប្រសើរឡើងវិញ ធៀបនឹងអ្នកជំងឺគ្រុនឈាម Lassa ដទៃ។ បើទោះជា ៨០% នៃអ្នកដែលបានឆ្លងវីរុស Lassa (វីរុសដែលបង្កជំងឺគ្រុនឈាមស្រួចស្រាវ) មិនមានអាការធ្ងន់ធ្ងរ ហើយភាគច្រើនមិនត្រូវបានពិនិត្យជំងឺ ប៉ុន្តែ អត្រានៃការស្លាប់នៅលើអ្នកជំងឺដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យគឺ ១៥% នេះបើតាម អង្គការសុខភាពពិភពលោក។
ជំងឺគ្រុន Lassa ធ្វើឱ្យបរិមាណប្លាកែតក្នុងឈាមថយចុះ និងកាត់បន្ថយសមត្ថភាពកករបស់ឈាម បង្កឱ្យឈាមហូរនៅខាងក្នុងរាងកាយអ្នកជំងឺ។ ស្ថានភាពអស់កម្លាំងច្រើនថ្ងៃនឹងនាំឱ្យអ្នកជំងឺត្រូវបាត់បង់ជីវិត។
រោគសញ្ញាដំបូងៗរបស់ជំងឺខាងលើ រួមមាន ឈឺក្បាល ឈឺសាច់ដុំ ឈឺបំពង់ក រកលក្អួត និងក្ដៅខ្លួន។ ដំបូងឡើយ គ្រូពេទ្យពិតជាមានការពិបាកក្នុងការបែងចែកឱ្យច្បាស់ថា វាជាជំងឺគ្រុនឈាម Lassa ឬជាជំងឺគ្រុនចាញ់៕