អាជ្ញាធរវាយតម្លៃហានិភ័យ របស់ បែលហ្ស៊ិក បានប្រកាសធ្វើចត្តាឡីស័ក ២១ ថ្ងៃ ចំពោះអ្នកដែលបានឆ្លងជំងឺអុតស្វា (monkeypox)។
ទីភ្នាក់ងារសារព័ត៌មាន RT កាលពីថ្ងៃទី ២២ ឧសភា ឱ្យដឹងថា ប្រកាសខាងលើត្រូវបានធ្វើឡើងនៅពេលដែលពលរដ្ឋ ៣ នាក់របស់ប្រទេសនេះ ត្រូវបានពិនិត្យឃើញថា មានផ្ទុកវីរុសបង្កជំងឺអុតស្វា ដែលជាជំងឺមួយបានបង្ហាញខ្លួននៅក្នុងប្រទេសជាង ១០ រួចមកហើយក្នុងសប្ដាហ៍កន្លង។ ស្ថាប័នសុខាភិបាលរបស់ បែលហ្ស៊ិក បញ្ចេញប្រកាសនេះកាលពីថ្ងៃទី ២០ ឧសភា ២០២២។
អ្នកវីរុសសាស្ត្រ Marc Van Ranst បានឱ្យដឹងថា បែលហ្ស៊ិក បានរកឃើញអ្នកជំងឺទី ៤ ដែលបានឆ្លងវីរុសបង្កជំងឺអុតស្វា។ លោកបញ្ជាក់ថា ដូចទៅនឹង ៣ ករណីមុន ករណីទី ៤ នេះមានជាប់ទាក់ទងនឹងព្រឹត្តិការណ៍បុរសស្រលាញ់ភេទដូចគ្នាអន្តរជាតិ Darklands ដែលត្រូវបានរៀបចំធ្វើឡើងកាលពីដើមខែឧសភា នៅ Antwerp។
វិជ្ជបណ្ឌិត Ranst និយាយថា «ប្រការសំខាន់គឺថា អ្នកទាំងឡាយដែលបានចូលរួមព្រឹត្តិការណ៍ Darklands ត្រូវតែយកចិត្តទុកដាក់ទៅលើរាល់អាការដែលកើតឡើងលើខ្លួនពួកគេ»។
ស្ថានភាពនេះបង្ហាញថា ជំងឺផ្ទុះឡើងក្នុងទ្រង់ទ្រាយកាន់តែធំ។ ជំងឺអុតស្វា តែងជាសះស្បើយដោយឯកឯងក្នុងរង្វង់ ២-៣ សប្ដាហ៍។ ជំងឺនេះ ភាគច្រើនបង្ហាញវត្តមាននៅ អាហ្វ្រិកខាងលិច និង អាហ្វ្រិកកណ្ដាល។
យោងតាម អង្គការសុខភាពពិភពលោក (WHO) ជំងឺអុតស្វា មិនងាយឆ្លងពីមនុស្សទៅមនុស្ស។ វីរុសនេះឆ្លងនៅពេលមនុស្សប៉ះពាល់គ្នាយូរជាមួយនឹងរបួស ធាតុរាវរបស់រាងកាយ តំណក់ទឹកផ្លូវដង្ហើម ឬសម្ភរដែលមានផ្ទុកវីរុស ដូចជា ភួយខ្នើយជាដើម។ អាការដំបូងនៃជំងឺអុតស្វា គឺ ក្ដៅខ្លួន ឈឺក្បាល ហើមកូនកណ្ដុរ ឈឺខ្នង និងសាច់ដុំ ក្រោយមកក៏ចេញពងមានខ្ទុះលើស្បែកនៅត្រង់មុខ ដៃ និងកន្លែងជាច្រើនទៀតរបស់រាងកាយ។ រោងសញ្ញាចាប់ផ្ដើមបង្ហាញខ្លួនក្នុងរង្វង់ពី ១ ទៅ ២ សប្ដាហ៍ រាប់ចាប់ពីពេលឆ្លងវីរុស។