ប្រមុខរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី ២៥ មេសា នេះ បានថ្លែងថា សម្ដេចបានស្នើឱ្យក្រុមមន្ត្រីសុខាភិបាល ពិចារណាអំពីការដកកាតព្វកិច្ចពាក់ម៉ាសនៅទីសាធារណៈ ប៉ុន្តែ តម្រូវឱ្យពាក់ម៉ាសនៅទីកន្លែងបិទជិត។
ការថ្លែងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នេះ ត្រូវបានធ្វើឡើងនៅក្នុងពិធីប្រគល់ និងទទួលអំណោយជាវ៉ាក់សាំងកូវីដ-១៩ AstraZeneca ពីរដ្ឋាភិបាល និងប្រជាជនរបស់ សាធារណរដ្ឋអ៊ីតាលី កាលពីថ្ងៃទី ២៥ មេសា ឆ្នាំ ២០២២។
ប្រមុខរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា គេមិនត្រូវមើលឃើញតែបញ្ហាសុខភាពតែមួយមុខទេ ប៉ុន្តែ ត្រូវមើលទៅលើបញ្ហាសេដ្ឋកិច្ច សង្គម និងចិត្តសាស្ត្ររបស់ប្រជាជនផងដែរ។ សម្ដេចថា ការទិញម៉ាសមកពាក់ទៅតាមកាតព្វកិច្ច គឺត្រូវចំណោយប្រហែល ៣ លានដុល្លារអាម៉េរិក/ខែ។ ម្យ៉ាងទៀត យោងតាមសម្ដេច «មួយរយៈចុងក្រោយនេះ ករណីឆ្លងកូវីដ-១៩ នៅ កម្ពុជា មានអត្រាទាប» ដែលនេះអាចឱ្យគេពិចារណាអំពីការដកវិធានការពាក់ម៉ាសនៅក្នុងភូមិសាស្ត្រ និងទីកន្លែងមួយចំនួន។
សម្ដេចបន្ថែមថា តាមគំនិតរបស់លោក ការពាក់ម៉ាសនៅទីសាធារណៈខាងក្រៅអគារ គួរតែទុកឱ្យប្រជាពលរដ្ឋជាអ្នកសម្រេចថា គួរពាក់ ឬមិនគួរពាក់ ចំណែកនៅក្នុងអគារ ការិយាល័យដែលមានម៉ាស៊ីនត្រជាក់ ទីកន្លែងបិទជិត គួរតែមានការតម្រូវឱ្យពាក់ម៉ាស។ ក៏ប៉ុន្តែ សម្ដេចបញ្ជាក់ថានឹងទទួលយកលទ្ធផលនៃការសម្រេចនៅក្នុងកិច្ចប្រជុំល្ងាចនេះរវាងស្ថាប័នពាក់ព័ន្ធ ក្នុងនោះមានក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ។
ជាងនេះ ប្រមុខរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា អ្វីដែលរដ្ឋាភិបាលចង់បានគឺការចាកវ៉ាក់សាំងដូសជំរុញ ហើយដូសទី ៣ នឹងក្លាយជាកាតព្វកិច្ច។