មកដល់បច្ចុប្បន្ន ពិភពលោកមានប្រទេសចំនួនតែ ៧ ប៉ុណ្ណោះ ដែលបាន និងកំពុងធ្វើយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារដែលមានអាយុក្រោម ៥ ឆ្នាំ។
សារព័ត៌មាន Business Insider កាលពីថ្ងៃទី ១៦ មេសា បានឱ្យដឹងថា សហរដ្ឋអាម៉េរិក នៅមានការរារែកក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារអាយុក្រោម ៥ ឆ្នាំ ដោយរង់ចាំរហូតដល់ពេល Pfizer រួមនឹង Moderna បញ្ចប់ដំណាក់កាលពិសោធន៍វ៉ាក់សាំងសម្រាប់កុមារអាយុពី ៦ ខែ ដល់ ៤ ឆ្នាំ។ ចំណែក អឺរ៉ុប វិញ បច្ចុប្បន្នផ្ដោតទៅលើការចាក់វ៉ាក់សាំងជូនកុមារអាយុលើសពី ៥ ឆ្នាំ លើកលែងតែ ស៊ុយអែត ដែលប្រឆាំងនឹងការចាក់វ៉ាក់សាំងជូនកុមារអាយុក្រោម ១១ ឆ្នាំ។
ប្រទេសមួយចំនួនដែលបានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារអាយុក្រោយ ៥ ឆ្នាំ៖
គុយបា
កាលពីខែតុលា ២០២១ ប្រទេសគុយបា បានអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងក្នុងស្រុក Soberana-២ និង Soberana-plus សម្រាប់ការចាក់ជូនកុមារអាយុចាប់ពី ២ ឆ្នាំឡើងទៅ។
ក្រុមអ្នកស្រាវជ្រាវរបស់ គុយបា ឱ្យដឹងថា មិនមានផលវិបាកណាមួយគួរឱ្យចាប់អារម្មណ៍ឡើយ នៅក្នុងការពិសោធវ៉ាក់សាំងបង្ការកូវីដ-១៩ លើកុមារតូច។
វ៉េណេស៊ុយអេឡា
កាលពីខែវិច្ឆិកា ២០២១ ប្រទេសវ៉េណេស៊ុយអេឡា បានអនុម័តឱ្យប្រើប្រាស់បន្ទាន់នូវវ៉ាក់សាំង Soberana-២ របស់ គុយបា សម្រាប់កុមារអាយុពី ២ ឆ្នាំ ដល់ ១១ ឆ្នាំ។ មកដល់ចុងខែមីនា ២០២២ រដ្ឋាភិបាលវ៉េណេស៊ុយអេឡា ឱ្យដឹងថា កុមារប្រមាណ ៧៣% របស់ប្រទេសនេះ បានទទួលការចាក់វ៉ាក់សាំងយ៉ាងតិច ១ ដូសរួចហើយ។
ប្រទេសចិន
គិតមកដល់ខែវិច្ឆិកា ២០២១ កុមារប្រមាណ ៨៤ លាននាក់ នៅ ប្រទេសចិន បានទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ Sinovac ចំនួន ២ ដូស។ កុមារនៅប្រទេសចិន ដែលមានអាយុចាប់ពី ៣ ឆ្នាំឡើងទៅ អាចត្រូវបានចាក់វ៉ាក់សាំង Sinovac ឬ Sinopharm ហើយការចាក់នេះគឺជាការស្ម័គ្រចិត្ត។
អាជ្ញាធរហុងកុង កាលពីខែកុម្ភៈ ២០២២ ក៏បានយល់ព្រមឱ្យចាក់វ៉ាក់សាំង Sinovac ជូនកុមារអាយុលើសពី ៣ ឆ្នាំ ខណៈកុមារអាយុលើសពី ៥ ឆ្នាំ អាចចាក់វ៉ាក់សាំងរបស់ BioNTech។
បារ៉ែន
ប្រទេសនេះបានចុះកិច្ចសន្យាទិញវ៉ាក់សាំង Sinopharm របស់ ប្រទេសចិន កាលពីខែតុលា ២០២១។ បច្ចុប្បន្ន កុមារអាយុពី ៣ ដល់ ១១ ឆ្នាំ នៅ ប្រទេសបារ៉ែន អាចចាក់វ៉ាក់សាំងខាងលើ។
ប្រទេសស៊ីលី
កាលពីខែវិច្ឆិកា ២០២១ ក្រុមមន្ត្រីសុខាភិបាលរបស់ ស៊ីលី ប្រកាសផែនការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ សម្រាប់កុមារអាយុពី ៣ ឆ្នាំ ដល់ ៥ ឆ្នាំ ដោយប្រើប្រាស់វ៉ាក់សាំង Sinovac ឬហៅថា CoronaVac នៅប្រទេសនេះ។
អាហ្សង់ទីន
អាជ្ញាធររបស់ អាហ្សង់ទីន បានអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំង Sinopharm ជាបន្ទាន់ សម្រាប់ចាក់ជូនកុមារអាយុពី ៣ ឆ្នាំឡើងទៅ កាលពីដើមខែតុលា ២០២១។
នៅប្រទេសនេះ គិតត្រឹមខែមករា ២០២២ កុមារអាយុពី ៣ ដល់ ១១ ឆ្នាំ ជាង ៤៦% បានទទួលការចាក់វ៉ាក់សាំងដូសទី ២ ខណៈដែល ៦៩.៥% ក្នុងក្រុមនេះ បានចាក់ម្ជុលដំបូង។
កម្ពុជា
គិតត្រឹមថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២២ កំណើនអត្រានៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ លើកុមារអាយុចាប់ពី ៣ ឆ្នាំ ដល់ ក្រោម ៥ ឆ្នាំ មាន ៥២,៨៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់។ រដ្ឋាភិបាលកម្ពុជា បានសម្រេចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារដែលមានអាយុពី ៣ ឆ្នាំដល់ក្រោម ៥ ឆ្នាំ ចាប់ពីថ្ងៃទី ២៣ ខែកុម្ភៈ ២០២២។