ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន យល់ថា គួរអនុញ្ញាតឱ្យមានការផ្លាស់ប្តូរក្រលៀន (ឬហៅថា តម្រងនោម) ស្របច្បាប់ នៅកម្ពុជា ដើម្បីកាត់បន្ថយចំណាយលើការព្យាបាលនៅក្រៅប្រទេស។
នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាល នៃ សាធារណរដ្ឋប្រជាមានិតចិន ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា សម្ដេច ប្រមុខរដ្ឋាភិបាលកម្ពុជា បានស្នើឱ្យមានការពិចារណាដើម្បីអនុញ្ញាតឱ្យការផ្លាស់ប្ដូរក្រលៀនក្នុងស្រុក ទៅជាបញ្ហាស្របច្បាប់។
សម្រាប់មូលហេតុនៃការលើកឡើងនេះ សម្ដេច ហ៊ុន សែន ថ្លែងថា កម្ពុជា មានលទ្ធភាពប្ដូរក្រលៀនតាំងពីអំឡុងឆ្នាំ ២០១០ ក៏ប៉ុន្តែ មិនបានផ្សព្វផ្សាយជាសាធារណៈ។ ទន្ទឹមនឹងនេះ សម្ដេច ក៏បានបញ្ជាក់ថា ការអនុញ្ញាតឱ្យប្ដូរក្រលៀនក្នុងស្រុក គឺដើម្បីបញ្ចៀសការចេញទៅបរទេសដើម្បីទទួលសេវាកម្មផ្នែកវេជ្ជសាស្ត្រនេះ ព្រោះអ្នកជំងឺនឹងត្រូវចំណាយប្រាក់ច្រើនក្នុងការព្យាបាលនៅក្រៅស្រុក។