អ្វីដែលគួរឱ្យព្រួយបារម្ភ នោះគឺថា បណ្ដាអង្គបដិប្រាណប្រឆាំងវីរុសបង្កជំងឺកូវីដ-១៩ បច្ចុប្បន្ន ទំនងជាមិនអាចជួយការពារមនុស្សពីប្រភេទវីរុសកូរ៉ូណា ដែលទើបតែត្រូវបានរកឃើញថ្មីនេះ។
ក្រុមអ្នកវិទ្យាសាស្ត្រនៅ ប្រទេសចិន ទើបតែបានប្រកាស និងព្រមានអំពីការគំរាមកំហែងយ៉ាងស្ងាត់ស្ងៀម ដោយសារតែ វីរុសកូរ៉ូណា ប្រភេទថ្មី បង្ហាញខ្លួន ហើយវាអាចឆ្លងពីសត្វមកមនុស្ស និងមិនអាចត្រូវបានបន្សាបដោយបណ្ដាអង្គបដិប្រាណដែលផលិតឡើងសម្រាប់ទប់ទល់នឹង កូវីដ-១៩។
ទូរទស្សន៍ RT របស់ រុស្ស៊ី បានរាយការណ៍ថា ក្រុមស្រាវជ្រាវដែលធ្វើការនៅសាកលវិទ្យាល័យអ៊ូហាន ប្រទេសចិន បានរកឃើញ វីរុសកូរ៉ូណា ប្រភេទថ្មី ដែលមានឈ្មោះថា NeoCoV មានប្រភពពី អាហ្វ្រិកខាងត្បូង។ ពួកគេជឿថា NeoCoV និង «សាច់ញាតិជិត» របស់វាគឺ PDF-២១៨០-CoV អាចជ្រៀតចូលកោសិកាមនុស្សដោយប្រើប្រាស់អង់ហ្សីម ACE២ មួយចំនួន។ បច្ចុប្បន្ន វីរុសកូរ៉ូណា ប្រភេទ NeoCoV នេះ កំពុងរាតត្បាតលើសត្វប្រចៀវ។
សូមរំលឹកថា វីរុស SARS-CoV-២ (Covid-19) ដែលបានបង្ហាញវត្តមានលើកដំបូងនៅក្នុង ខេត្តអ៊ូហាន ហើយក្រោយមកបានបង្កឱ្យមានជំងឺរាតត្បាតសកលកូវីដ-១៩ ក៏ប្រើប្រាស់ ACE២ ដើម្បីជ្រៀតចូលកោសិកាមនុស្ស។
របាយការណ៍ខាងលើដែលត្រូវបានប្រកាសនៅលើទំព័រ bioRxiv បានឱ្យដឹងថា NeoCoV មិនអាចត្រូវបានបន្សាបដោយអង្គបដិប្រាណទាំងឡាយដែលផលិតឡើងសម្រាប់ទប់ស្កាត់វីរុស SARS-CoV-២ ឬ MERS-CoV នោះឡើយ។
ក្រុមអ្នកវិទ្យាសាស្ត្រចិន បានព្រមានអំពីការគំរាមកំហែងលើសុវត្ថិភាពជីវសាស្ត្រពីវីរុសខាងលើនេះចំពោះសុខភាពមនុស្សលោក ក្នុងនោះក៏រាប់បញ្ចូលទាំងអត្រានៃការស្លាប់ និងល្បឿននៃការឆ្លងរាលដាលខ្ពស់ផងដែរ៕