ការសិក្សាស្រាវជ្រាវថ្មីមួយបានរកឃើញថា ក្រុមមនុស្សដែលបានឆ្លងកូវីដ-១៩ បន្ទាប់ពីបានចាក់វ៉ាក់សាំងពេញលេញ ក៏ដូចជាក្រុមមនុស្សដែលបានឆ្លងវីរុសមុនពេលចាក់វ៉ាក់សាំង នឹងមាន «មហាអង្គបដិប្រាណ» ដែលល្អបំផុតសម្រាប់ទប់ស្កាត់ជំងឺរាតត្បាតនេះ។
យោងតាមព័ត៌មានពីទូរទស្សន៍ RT (រុស្ស៊ី) ក្រុមអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងសុខាភិបាល Oregon (OHSU) បានយកសំណាកអង្គបដិប្រាណក្នុងឈាមរបស់អ្នកស្ម័គ្រចិត្ត ១០៤ នាក់ ដែលបានចាក់វ៉ាក់សាំង Pfizer ចំនួន ២ ដូស។ ក្នុងនោះមាន ៤២ នាក់ មិនធ្លាប់វិជ្ជមាននឹងកូវីដ-១៩ ចំណែក ៣១ នាក់ទៀត បានចាក់វ៉ាក់បន្ទាប់ពីបានឆ្លងវីរុស និង ៣១ នាក់ផ្សេងទៀតបានឆ្លង បន្ទាប់ពីបានចាក់វ៉ាក់សាំង។
ក្រោយពីក្រុមអ្នកវិទ្យាសាស្ត្រដាក់សំណាកឈាមរបស់អ្នកស្ម័គ្រចិត្តខាងលើ ឱ្យឆ្លង វ៉ារ្យ៉ង់ អាលហ្វា បេតា និង ដេលតា របស់វីរុសកូវីដ-១៩ ពួកគេរកឃើញថា ការរួមផ្សំរវាងអង្គបដិប្រាណដែលកើតឡើងដោយសារវ៉ាក់សាំង និងអង្គបដិប្រាណធម្មជាតិដែលកើតឡើងបន្ទាប់ពីបានឆ្លងវីរុស នឹងបង្កើតបានជា «មហាអង្គបដិប្រាណ» ដែលខ្លាំងក្លាជាងយ៉ាងតិច ១០ ដង បើធៀបនឹងសមត្ថភាពនៃអង្គបដិប្រាណដែលកើតឡើងពីការចាក់វ៉ាក់សាំងតែមួយមុខ»។
ក្រុមអ្នកវិទ្យាសាស្ត្រសន្មតថា វត្តមានរបស់អង់ទីហ្សែនបន្ថែមដែលកើតឡើងដោយសារការឆ្លងវីរុស នឹងនាំឱ្យបរិមាណ និងគុណភាពរបស់អង្គបដិប្រាណទប់ស្កាត់ជំងឺកើនឡើងខ្ពស់ បើទោះជានៅក្នុងករណីបានឆ្លងវីរុសមុន ឬក្រោយការចាក់វ៉ាក់សាំងក៏ដោយ។ នេះបើតាម Fikadu Tafesse សមាជិកជាន់ខ្ពស់នៃក្រុមស្រាវជ្រាវ និងជាជំនួយការសាស្ត្រាចារ្យផ្នែកមីក្រូជីវវិទ្យាម៉ូលេគុល និងភាពស៊ាំ នៃសាកលវិទ្យាល័យ OHSU។
លោក Tafesse បានបញ្ជាក់ថា ហានិភ័យនៃការឆ្លងកូវីដ-១៩ បន្ទាប់ពីបានចាក់វ៉ាក់សាំងរួច គឺនៅតែមានខ្ពស់ដដែល។ ប៉ុន្តែ លោកថា អ្នកដែលបានឆ្លងនៅក្នុងករណីនេះ នឹងមានអាការរោគស្រាល ហើយលោកក៏បានព្យាករថា ជំងឺរាតត្បាតកូវីដ-១៩ អាចត្រូវបានបិទបញ្ចប់ដោយសារ «បាតុភូត» «មហាអង្គដបិប្រាណ» ដែលកើតឡើងក្នុងករណីនេះ៕