វីរុសកូវីដ-១៩ ប្រភេទ អូមីក្រុង ធ្វើឱ្យជំងឺរាតត្បាតសកល ងាកទៅរកដំណាក់កាលថ្មី និងអាចបញ្ចប់នៅ អឺរ៉ុប នេះបើតាម Hans Kluge ប្រធានអង្គការសុខភាពពិភពលោក (WHO) ប្រចាំ តំបន់អឺរ៉ុប។
«ជំងឺរាតត្បាតសកលក្នុងតំបន់ ទំនងជាកំពុងស្ថិតនៅលើផ្លូវទៅរកទីបញ្ចប់» Kluge បានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃទី ២៣ មករា ដូច្នេះ និងបន្ថែមថា វ៉ារ្យ៉ង់ អូមីក្រុង អាចនឹងឆ្លងដល់ប្រជាជនចំនួន ៦០% ក្នុងតំបន់អឺរ៉ុប នៅខែមីនាខាងមុខ។
នៅពេលល្បឿននៃការឆ្លង អូមីក្រុង កើនឡើងពាសពេញតំបន់អឺរ៉ុប ត្រូវថយចុះ «ភាពស៊ាំក្នុងសហគមន៍នឹងត្រូវបានរក្សាក្នុងរយៈពេលច្រើនសប្ដាហ៍ ដល់ច្រើនខែទៅមុខ ដោយសារវ៉ាក់សាំង ឬគ្រប់គ្នាមានអង្គបដិប្រាណ បន្ទាប់ពីបានឆ្លងវីរុស» លោក Kluge និយាយដូច្នេះ។
លោក Kluge បន្ថែមថា «ដូច្នេះ យើងព្យាករថា នឹងមានអំឡុងពេលស្ងប់ស្ងាត់មួយ មុនពេល កូវីដ-១៩ វិលមកវិញនៅចុងឆ្នាំ ប៉ុន្តែ មិនប្រាកដថា វានឹងត្រលប់មកវិញទេ»។
«គ្រប់គ្នាពិភាក្សាគ្នាច្រើនអំពីជំងឺរាតត្បាតអសកល (ឬជំងឺរាតត្បាតតាមតំបន់) ប៉ុន្តែ ការរាតត្បាតអសកលគឺស្មើនឹងការដែលអាចព្យាករបាននូវប្រការអ្វីខ្លះដែលនឹងកើតឡើង។ វីរុសប្រភេទនេះបានធ្វើឱ្យយើងគ្រប់គ្នាភ្ញាក់ផ្អើលជាច្រើនលើកមកហើយ ដូច្នេះ យើងត្រូវតែប្រុងប្រយ័ត្នបំផុត» លោក Kluge បញ្ជាក់បន្ថែម។
អ្នកវិទ្យាសាស្ត្របានរកឃើញថា អ្នកដែលបានឆ្លង អូមីក្រុង មានអាការមិនធ្ងន់ធ្ងរស្មើនឹង ដេលតា យ៉ាងហោចក៏ចំពោះអ្នកដែលបានចាក់វ៉ាក់សាំង។ ប្រការនេះបាននាំឱ្យមានក្ដីសង្ឃឹមថា កូវីដ-១៩ កំពុងប្រែក្លាយពីជំងឺរាតត្បាតសកល ទៅជាជំងឺរាតត្បាតអសកល ដែលងាយទប់ទល់ជាងមុន និងដូចទៅនឹងជំងឺផ្ដាសាយធំ៕