(ហ្វាំងឡង់)-ក្រុមអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Helsinki បង្កើតបានថ្នាំបាញ់តាមរន្ធច្រមុះថ្មីមួយដែលអាចការពារមនុស្សប្រកបដោយប្រសិទ្ធភាព នៅចំពោះមុខ កូវីដ-១៩ រួមទាំង វ៉ារ្យ៉ង់ អូមីក្រុង ផងដែរ។
ក្នុងការសិក្សាស្រាវជ្រាវទៅលើកោសិកសត្វកណ្ដុរ កាលពីពេលថ្មីៗនេះ បង្ហាញថា ថ្នាំបាញ់ច្រមុះអាចទប់ស្កាត់ការឆ្លងរបស់វីរុសទៅក្នុងកោសិកា បានរយៈពេលរហូតដល់ ៨ ម៉ោង បន្ទាប់ពីបាញ់ ១ ដូស។ ប៉ុន្តែ ក្រុមអ្នកវិទ្យាសាស្ត្រនឹងត្រូវពិសោធបន្ថែមទៀត មុននឹងអាចប្រើប្រាស់នៅលើមនុស្ស។
ថ្នាំបាញ់ច្រមុះប្រឆាំងការឆ្លង កូវីដ-១៩ នេះ ត្រូវពិសោធដោយក្រុមអ្នកវិទ្យាសាស្ត្ររបស់សាកលវិទ្យាល័យ Helsinki នៃប្រទេសហ្វាំងឡង់។
ទោះជាយ៉ាងណាក៏ដោយ Kalle Saksela ដែលជាអ្នកស្រាវជ្រាវរបស់ក្រុមខាងលើថ្លែងថា ថ្នាំបាញ់ច្រមុះដែលត្រូវបានប្រកាសឱ្យដឹងកាលពីខែធ្នូ ២០២១ នេះ មិនមែនជាវ៉ាក់សាំង ហើយក៏មិនមែនជាដំណោះស្រាយជំនួសវ៉ាក់សាំង ប៉ុន្តែ វាដូចទៅនឹងជំនួយការវ៉ាក់សាំង ដើម្បីបង្កើនសមត្ថភាពការពារដល់អ្នកដែលបានទទួលការចាក់វ៉ាក់សាំង ពិសេសគឺអ្នកដែលមានអង្គបដិប្រាណខ្សោយ។
បច្ចុប្បន្ន Kalle Saksela មិនទាន់ដឹងច្បាស់ថា ថ្នាំបាញ់ច្រមុះនេះនឹងទទួលបានការអនុម័តឱ្យពិសោធលើមនុស្ស ក៏ដូចជាការចរាចរលើទីផ្សារនៅពេលណានៅឡើយ៕