ប្រទេស អាហ្វ្រិកខាងត្បូង បានប្រកាសថា បានឆ្លងផុតដំណាក់កាលកំពូលនៃការឆ្លងរាលដាលរបស់ កូវីដ-១៩ ប្រភេទ អូមីក្រុង ហើយក៏បានដកបម្រាមគោចរពេលយប់ និងបន្ធូរបន្ថយការរឹតត្បិតមួយចំនួនលើការដើរហើរ។
រដ្ឋាភិបាលអាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី ៣០ ធ្នូ បានប្រកាសឱ្យដឹងថា ទិន្នន័យសុខាភិបាលបង្ហាញថា ប្រទេសនេះបានឆ្លងផុតចំណុចកំពូលនៃការឆ្លងរាលដាលដោយសារ អូមីក្រុង ព្រោះពុំមានការកើនឡើងខ្ពស់ខ្លាំងនៃតួលេខអ្នកស្លាប់។
«ល្បឿននៃការឆ្លងរាលដាលទី ៤ ដែលបង្កឡើងដោយ អូមីក្រុង បានកើនឡើងដល់ចំណុចកំពូល ហើយក្រោយមកក៏បានថយចុះគួរឱ្យភ្ញាក់ផ្អើល» វេជ្ជបណ្ឌិត Fareed Abdullah មកពីក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសា្តស្ត្រារបស់ អាហ្វ្រិកខាងត្បូង បានឱ្យដឹងដូច្នេះ។ លោកបន្ថែមថា៖ «ដំណាក់កាលកំពូលបានកើតឡើងក្នុងរយៈពេល ៤ សប្ដាហ៍ និងថយចុះទាបខ្លាំងក្នុង ២ សប្ដាហ៍បន្ទាប់។ រលកនៃ អូមីក្រុង បានបញ្ចប់នៅក្នុងទីក្រុង Tshwane»។
អាហ្វ្រិកខាងត្បូង បានសម្រេចដកបម្រាមគោចរដែលត្រូវបានអនុវត្តចាប់ពីពាក់កណ្ដាលយប់ ដល់ម៉ោង ៤ ទៀបភ្លឺនៃថ្ងៃបន្ទាប់។ ទន្ទឹមនឹងការដកបម្រាមគោចរនេះ អាហ្វ្រិកខាងត្បូង ក៏បានកំណត់មិនឱ្យមានការជួបជុំមនុស្សលើសពី ១,០០០ នាក់ នៅក្នុងផ្ទះ និងមិនលើសពី ២,០០០ នាក់ នៅខាងក្រៅផ្ទះ។
គិតមកដល់បច្ចុប្បន្ន អូមីក្រុង បានឆ្លងរាលដាលដល់ប្រទេសជាង ១០០ ក្នុងពិភពលោក ក្នុងនោះ វាបានឆ្លងទៅអ្នកដែលបានចាក់វ៉ាក់សាំងរួចរាល់ និងអ្នកដែលធ្លាប់បានឆ្លង កូវីដ-១៩ ផងដែរ ដែលនេះធ្វើឱ្យប្រព័ន្ធសុខាភិបាលនៅក្នុងប្រទេសជាច្រើនត្រូវជួបការលំបាក ជាក់ស្ដែងមាន សហរដ្ឋអាម៉េរិក និងអង់គ្លេស ជាដើម៕