ប្រធានអង្គការសុខភាពពិភពលោក បានព្រមានថា និន្នាការរក្សាទុកវ៉ាក់សាំងសម្រាប់ចាក់ដូសជំរុញក្នុងទ្រង់ទ្រាយធំរបស់បណ្ដាប្រទេសអ្នកមាន នឹងបណ្ដាលឱ្យជំងឺរាតត្បាតសកល អាចអូសបន្លាយពេលយូរ ជាជាងការបញ្ចប់។
«យុទ្ធនាការចាក់វ៉ាក់សាំងដូសបន្ថែម ឬដូសជំរុញក្នុងទ្រង់ទ្រាយធំនានា អាចធ្វើឱ្យប្រភពផ្គត់ផ្គង់វ៉ាក់សាំង ត្រូវបង្វែរទិសទៅរកបណ្ដាប្រទេសដែលមានអត្រានៃការចាក់វ៉ាក់សាំងខ្ពស់ ដែលនេះនឹងផ្ដល់ឱកាសល្អដល់ការឆ្លងរាលដាល និងបំប្លែងខ្លួនរបស់វីរុស (នៅក្នុងបណ្ដាប្រទេសក្រីក្រ ដែលមិនមានលទ្ធភាពទិញវ៉ាក់សាំង)» ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus (WHO) ថ្លែងដូច្នេះកាលពីថ្ងៃទី ២២ ធ្នូ។
ស្ថាប័នសុខាភិបាលរបស់អង្គការសហប្រជាជាតិ តាំងពីយូរមកហើយ បានព្រមានថា បញ្ហាវិសមភាពនៅក្នុងការផ្គត់ផ្គង់វ៉ាក់សាំង នឹងធ្វើឱ្យប្រជាជនដែលងាយរងគ្រោះជាច្រើននៅក្នុងបណ្ដាប្រទេសក្រីក្រ មិនទទួលបានការចាក់វ៉ាក់សាំងយ៉ាងតិច ១ ដូស ស្របពេលដែលបណ្ដាប្រទេសអ្នកមាន បង្កើនយុទ្ធនាការចាក់វ៉ា់ក់សាំងដូសជំរុញទ្រង់ទ្រាយធំ។
«ពុំមានប្រទេសណាមួយអាចបន្ថែមកម្លាំងតែឯងដើម្បីចាកផុតពីជំងឺរាតត្បាតសកលឡើយ» លោក Tedros បញ្ជាក់ដូច្នេះ។
ប្រសាសន៍របស់មេដឹកនាំ WHO នេះ ត្រូវបានលើកឡើងនៅពេល កូវីដ-១៩ ប្រភេទ អូមីក្រុង កំពុងក្លាយជាឧបសគ្គចំពោះក្ដីសង្ឃឹមដែលថា «ប្រការអាក្រក់បំផុតរបស់ជំងឺរាតត្បាតសកល បានកន្លងផុតទៅ»។ WHO បានឱ្យដឹងថា អូមីក្រុង កំពុងឆ្លងរាលដាលក្នុងល្បឿនយ៉ាងលឿនមិនធ្លាប់មាន និងត្រូវបានរកឃើញនៅក្នុងប្រទេសចំនួន ១០៦ រួចហើយ។
ក្រុមអ្នកវិទ្យាសាស្ត្រនៅតែមិនទាន់អាចកំណត់បានជាក់លាក់ និងជាផ្លូវការនូវភាពសាហាវ ឬសមត្ថភាពនៃការគេចពីវ៉ាក់សាំងរបស់ វ៉ារ្យ៉ង់ អូមីក្រុង នៅឡើយ៕