ក្រុមមន្ត្រីរបស់អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា វីរុសបំប្លែងខ្លួនថ្មី អូមីក្រុង កំពុងតែឆ្លងរាលដាលយ៉ាងលឿន និងមានសមត្ថភាពឆ្លងដល់អ្នកដែលបានចាក់វ៉ាក់សាំង ឬធ្លាប់វិជ្ជមាននឹង កូវីដ-១៩ ទៀតផង។
«មានភ័ស្ដុតាងជាក់ស្ដែងបង្ហាញថា អូមីក្រុង កំពុងឆ្លងរាលដាលលឿនជាងគួរឱ្យកត់សម្គាល់ បើធៀបនឹង វ៉ារ្យ៉ង់ ដេលតា។ អ្នកដែលបានទទួលការចាក់វ៉ាក់សាំងរួចហើយ ឬអ្នកដែលបានជាពីជំងឺកូវីដ-១៩ ក៏មានហានិភ័យខ្ពស់ក្នុងការឆ្លង ឬឆ្លងជាថ្មីនូវ វ៉ារ្យ៉ង់ អូមីក្រុង» ប្រធាន WHO លោក Tedros Adhanom Ghebreyesus បញ្ជាក់ដូច្នេះកាលពីថ្ងៃទី ២០ ធ្នូ នៅ ប្រទេសស្វ៊ីស។
ការស្រាវជ្រាវមួយរបស់ក្រុមអ្នកវិទ្យាសាស្ត្រផ្នែកវេជ្ជសាស្ត្រប្រចាំសាកលវិទ្យាល័យហុងកុង ដែលត្រូវបានប្រកាសកាលពីសប្ដាហ៍មុន បានឱ្យដឹងថា វីរុសកូវីដ-១៩ ប្រភេទ អូមីក្រុង «បែងភាគ បង្កើតកូនចៅនៅក្នុងប្រព័ន្ធផ្លូវដង្ហើមរបស់មនុស្ស បានលឿនជាង ៧០ ដង ធៀបនឹង វ៉ារ្យ៉ង់ ដេលតា» ប៉ុន្តែ វាទំនងជាបង្កគ្រោះថ្នាក់ដល់សួតតិចជាង ធៀបនឹង វ៉ារ្យ៉ង់ ដំបូង។
សាស្ត្រាចារ្យ Neil Ferguson ទីប្រឹក្សាផ្នែកសុខាភិបាលរបស់ រាជរដ្ឋាភិបាលអង់គ្លេស រួមនឹងក្រុមស្រាវជ្រាវនៃសាកលវិទ្យាល័យ Imperial College London កាលពីថ្ងៃទី ១៧ ធ្នូ ២០២១ បញ្ចេញរបាយការណ៍បង្ហាញថា «ពុំមានភ័ស្ដុតាងណាមួយបញ្ជាក់ថា អូមីក្រុង បង្កគ្រោះថ្នាក់ទាបជាង ដេលតា ឡើយ»។
ក្រុមអ្នកវិទ្យាសាស្ត្រគណនាឃើញថា ហានិភ័យដែលបណ្ដាលឱ្យអ្នកដែលបានជាពីជំងឺកូវីដ-១៩ ឆ្លង វ៉ារ្យ៉ង់ អូមីក្រុង គឺមានខ្ពស់ជាង ៥.៤ ដង ធៀបនឹង ដេលតា។ Ferguson សង្កត់ធ្ងន់ថា ការស្រាវជ្រាវរបស់លោក ក៏បានបង្ហាញអំពីសមត្ថភាពដែល អូមីក្រុង អាចគេចពីអង្គបដិប្រាណនៅលើមនុស្សដែលបានចាក់វ៉ាក់សាំង ឬធ្លាប់ឆ្លង កូវីដ-១៩ និងបានព្រមានថា អូមីក្រុង អាចនឹងបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់សុខភាពសាធារណៈក្នុងពេលឆាប់ៗខាងមុខ៕