អូ​មី​ក្រុង (Omicron) ក្លាយជា វីរុស​បំប្លែង​ខ្លួន​ថ្មី ដែល​លេចធ្លោ​ជាងគេ​នៅ អាម៉េរិក

ក្រុមមន្ត្រី​របស់ សហរដ្ឋ​អាម៉េរិក បានឱ្យដឹងថា អូ​មី​ក្រុង កំពុងតែ​ក្លាយទៅជា វ៉ា​រ្យ៉​ង់ លេចធ្លោ​ជាងគេ ដោយ​គ្រប់គ្រង ជាង ៧៣% នៃ​ករណី​ឆ្លង​ថ្មី​ដែល​ត្រូវបាន​រកឃើញ​នៅ​ប្រទេស​នេះ ក្នុងអំឡុង ១ សប្ដាហ៍​កន្លង។

មជ្ឈមណ្ឌល​គ្រប់គ្រង​និង​ទប់ស្កាត់​ជំងឺឆ្លង (CDC) របស់ សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី ២០ ធ្នូ បានប្រកាសថា វីរុស​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង មាន​ចំនួន ៧៣.២% ធៀប​នឹង​ករណី​ឆ្លង​ថ្មី​សរុប ដែល​ត្រូវបាន​រកឃើញ​ចាប់ពី​ថ្ងៃទី ១២ ដល់ ១៨ ធ្នូ ឆ្នាំ ២០២១។ នេះ​បើ​យោងទៅលើ​ទិន្នន័យ​នៃ​ការវិភាគ​ហ្សែ​ន​របស់​វីរុស​ដែលមាន​នៅលើ​អ្នកជំងឺ។

តួលេខ​នៃ​ការឆ្លង អូ​មី​ក្រុង មាន​ត្រឹមតែ ១២.៦% ប៉ុណ្ណោះ ធៀប​នឹង​តួលេខ​នៃ​ការឆ្លង​កូ​វីដ-១៩ ថ្មី នៅ សហរដ្ឋ​អាម៉េរិក កាលពី ១ សប្ដាហ៍​មុន​នោះ។

សហរដ្ឋ​អាម៉េរិក នៅតែ​ជាទី​ដែលមាន​តួលេខ​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ-១៩ ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក ដោយមាន​អ្នក​ឆ្លង​សរុប​ជិត ៥២ លាន​នាក់ និង​ស្លាប់​ជាង ៨២៨,០០០ នាក់៕

Advertisement