ប្រធានអង្គការសុខភាពពិភពលោក (WHO) យល់ថា ពិភពលោកត្រូវតែប្រកៀកស្មាគ្នា លើកឡើងនូវជម្រើសលំបាកៗដែលចាំបាច់ដើម្បីបញ្ចប់ជំងឺរាតត្បាតសកល កូវីដ-១៩ នៅក្នុងឆ្នាំក្រោយ។
«២០២២ ត្រូវតែជាឆ្នាំដែលយើងបញ្ចប់ជំងឺរាតត្បាតសកល» ប្រធាន WHO លោក Tedros Adhanom Ghebreyesus ថ្លែងដូច្នេះ ក្នុងសន្និសីទសារព័ត៌មានមួយនៅឯទីស្នាក់ការកណ្ដាល នាទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស កាលពីថ្ងៃទី ២០ ធ្នូ ២០២១។
យោងតាមលោក Tedros ពេលដែលពិធីបុណ្យនានានៅចុងឆ្នាំកំពុងជិតចូលមកដល់ បណ្ដាប្រទេសគួរតែកាត់បន្ថយព្រឹត្តិការណ៍ឱ្យមកនៅតិចបំផុត ព្រោះតែការអនុញ្ញាតឱ្យមានការជួបជុំមនុស្សច្រើននឹងក្លាយជា «ថ្នាលដ៏ល្អ» ជួយឱ្យ អូមីក្រុង ឆ្លងរាលដាលទ្រង់ទ្រាយធំ។ «នឹងជាការប្រសើរ បើសិនលុបចោលព្រឹត្តិការណ៍នៅពេលនេះភ្លាម ហើយចាំប្រារព្ធនៅពេលក្រោយ ជាជាងជប់លៀងនៅពេលនេះ ប៉ុន្តែត្រូវរងទុក្ខនៅពេលក្រោយ» លោក Tedros បន្ថែមដូច្នេះ។
លោកបញ្ជាក់ថា បើទោះជាភាពសាហាវរបស់ វ៉ារ្យ៉ង់ ថ្មី ធ្ងន់ធ្ងរកម្រិតណា ប៉ុន្តែ «តួលេខនៃការឆ្លងកើនឡើងឆាប់រហ័ស អាចជាន់ពន្លិចប្រព័ន្ធសុខាភិបាល» ហើយមនុស្សជាច្រើនថែមទៀត នឹងត្រូវស្លាប់។ ចាប់តាំងពី កូវីដ-១៩ បង្ហាញវត្តមាន មនុស្សជាង ៥.៣ លាននាក់ បានបាត់បង់ជីវិត ប៉ុន្តែ តួលេខជាក់ស្ដែង ត្រូវបានគេជឿថា ច្រើនជាងនេះឆ្ងាយ៕