ក្រុមមន្ត្រីរបស់ អង់គ្លេស មិនលើកលែងលទ្ធភាពនៃការរឹតត្បិតការដើរហារនៅមុនរដូវបុណ្យណូអែល ក្នុងគ្រាដែលមានការផ្ទុះឆ្លងរាលដាលជំងឺកូវីដ-១៩ ថ្មី ដោយសារតែ វ៉ារ្យ៉ង់ អូមីក្រុង។
«យើងកំពុងវាយតម្លៃស្ថានការណ៍។ យើងត្រូវពិនិត្យរាល់វិធានការនៅក្នុងដំណាក់កាលនេះ» រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេស លោក Sajid Javid បានថ្លែងដូច្នេះកាលពីម្សិលមិញ។
លោកថ្លែងថា រដ្ឋាភិបាលកំពុងពិនិត្យទិន្នន័យរៀងរាល់ម៉ោង និងសុំយោបល់ពីក្រុមប្រឹក្សាផ្នែកវិទ្យាសាស្ត្រសុខាភិបាល និងបានបញ្ជាក់ថា នៅមានប្រការមិនទាន់ច្បាស់លាស់ជាច្រើនស្ដីពី អូមីក្រុង ប៉ុន្តែ ការរង់ចាំទិន្នន័យជាក់លាក់ អាចនឹងនាំឱ្យមានការយឺតយ៉ាវក្នុងការទប់ទល់ស្ថានការណ៍។
កាលពីថ្ងៃទី ១៩ ធ្នូ ប្រទេសអង់គ្លេស បានរាយការណ៍ថា រកឃើញករណីឆ្លង កូវីដ-១៩ ប្រភេទ អូមីក្រុង ចំនួន ១២,០០០ នាក់ បន្ថែមទៀត ធ្វើឱ្យតួលេខនៃករណីឆ្លង វ៉ារ្យ៉ង់ នេះ កើនឡើងដល់ ៣៧,១០១ នាក់។ លោក Sajid Javid ព្រមានថា តួលេខជាក់ស្ដែងអាចខ្ពស់ជាងនេះច្រើន និងអះអាងថា ៦០% នៃករណីឆ្លងថ្មីនាបច្ចុប្បន្ន នៅ អង់គ្លេស គឺបណ្ដាលមកពី អូមីក្រុង។ គិតត្រឹមថ្ងៃទី ១៨ ធ្នូ ២០២១ យ៉ាងហោចណាស់ មានអ្នកជំងឺ ១២ នាក់ នៅ ប្រទេសអង់គ្លេស បានស្លាប់ព្រោះតែវីរុសបំប្លែងខ្លួនថ្មីនេះ៕