ប្រទេសរុស្ស៊ី ប្រកាសថា មានគម្រោងនាំចេញវ៉ាក់សាំងបង្ការ COVID-19 ប្រភេទបាញ់តាមច្រមុះ ជាប្រភេទវ៉ាក់សាំងដែលត្រូវបានប្រធានាធិបតី Putin ប្រើប្រាស់ជាដូសជំរុញ។
Kirill Dmitriev ប្រធានមូលនិធិវិនិយោគផ្ទាល់របស់ រុស្ស៊ី (RDIF) ដែលជាស្ថាប័នវិនិយោគទៅលើវ៉ាក់សាំងយុទ្ធសាស្ត្ររបស់ រុស្ស៊ី និងឃោសនាទៅក្រៅប្រទេស កាលពីថ្ងៃទី 24 វិច្ឆិកា បានឱ្យដឹងថា រុស្ស៊ី នឹងនាំចេញវ៉ាក់សាំងបង្ការ COVID-19 ប្រភេទបាញ់តាមរន្ធច្រមុះ នៅឆ្នាំក្រោយ។
ព័ត៌មានខាងលើនេះត្រូវបានលើកឡើងបន្ទាប់ពីប្រធានាធិបតី Putin កាលពីថ្ងៃទី 24 វិច្ឆិកា បានបង្ហើបឱ្យដឹងថា បានប្រើប្រាស់វ៉ាក់សាំងប្រភេទបាញ់ ក្រោយពីចាក់វ៉ាក់សាំង Sputnik V បាន 6 ខែ ដោយសារតែបរិមាណនៃអង្គបដិប្រាណថយចុះ។ ក្រៅពីនេះ លោក Putin ក៏បានចាក់វ៉ាក់សាំងដូសជំរុញ Sputnik V Light ផងដែរ។
លោក Putin បានថ្លែងថា៖ «ខ្ញុំមិនមានបញ្ហាអ្វីទាំងអស់។ មិនមានអ្វីខុសធម្មតា។ ថ្ងៃនេះ ក្រោយការប្រើប្រាស់វ៉ាក់សាំងបានពីរដង ខ្ញុំអាចហាត់ប្រាណបន្តិចបាន នៅពេលព្រឹក»៕