«ហាងកាហ្វេនៃការចងចាំ» (Memory Café) នៅទីក្រុងសៀងហៃ ប្រទេសចិន កំពុងតែនាំមុខគេក្នុងការទប់ទល់នឹងបញ្ហាភ្លេចភ្លាំងនៅលើមនុស្សចាស់ ដោយធ្វើការបណ្ដុះបណ្ដាលពួកគាត់ឱ្យក្លាយជាអ្នកទទួលភ្ញៀវ ឬ អ្នកឆុងកាហ្វេ ដើម្បីមានឱកាសច្រើនក្នុងការសំណេះសំណាលជាមួយភ្ញៀវ។
សារព័ត៌មាន Global Times ថ្មីៗនេះបានចុះផ្សាយវីដេអូមួយស្ដីពីហាងកាហ្វេ Memory Café ដែលជ្រើសរើស និងបណ្ដុះបណ្ដាលបុគ្គលិកវ័យចំណាស់។
លោកយាយវ័យ 80 ឆ្នាំ ឈ្មោះ Guo Luli ដែលជាបុគ្គលិកស្ម័គ្រចិត្តមួយរូបរបស់ហាងកាហ្វេ Memory Café បានឱ្យដឹងថា៖ «ខ្ញុំបានធ្វើជាបុគ្គលិកស្ម័គ្រចិត្តនៅហាងកាហ្វេនេះជិតមួយឆ្នាំហើយ។ ការងារនេះបានជួយដល់ពួកយើងច្រើនណាស់។ យើងបានរៀនអ្វីៗជាច្រើនអំពីមុខរបរឆុងកាហ្វេ។ យើងទទួលបានការបណ្ដុះបណ្ដាល និងអនុវត្តជារៀងរាល់សប្ដាហ៍។ ការងារនេះជួយប្រយុទ្ធប្រឆាំងនឹងអាការនៃជំងឺភ្លេចភ្លាំង។ ខ្ញុំត្រូវចងចាំនូវលំដាប់លំដោយនៃការឆុងកាហ្វេ និងអនុវត្តវា។ ខ្ញុំត្រូវកត់ត្រាកិច្ចការទាំងនេះ។ ការងារនេះមានអត្ថប្រយោជន៍ណាស់»។
ចំណែកលោកយាយជាបុគ្គលិកស្ម័គ្រចិត្តម្នាក់ទៀត ឈ្មោះ Peng Mingxiang បានប្រាប់ថា៖ «ដើម្បីមានអារម្មណ៍ដូចយុវវ័យ យើងត្រូវការការយល់ចិត្ត ការសន្ទនាគ្នាដោយសេរីជាមួយពួកគេ។ ពួកគេប្រព្រឹត្តល្អ និងគោរពពួកយើង។ យើងក៏មានភាពជឿជាក់»។
ហាងកាហ្វេ Memory ស្ថិតនៅក្នុងខណ្ឌ Pudong នៃទីក្រុងសៀងហៃ បានរកឃើញវិធីសាស្ត្រដោយឡែកដើម្បីជួយដល់មនុស្សវ័យចំណាស់ ក្នុងការទប់ទល់នឹងភាពចាស់ជរា ដោយការបង្កើតសកម្មភាពអន្តរកម្មជាក្រុម ក្នុងនោះ លោកយាយ និងលោកតា មានឱកាសហ្វឹកហាត់ការចងចាំ។
បុគ្គលិកស្ម័គ្រចិត្តវ័យចំណាស់នៅក្នុងហាងនេះ ត្រូវបានបណ្ដុះបណ្ដាលឱ្យក្លាយជាអ្នកទទួលភ្ញៀវ អ្នកគិតលុយ និងអ្នកឆុងកាហ្វេជាដើម។
សកម្មភាពនៅហាងកាហ្វេនេះ ជួយឱ្យពួកគាត់មានទំនាក់ទំនងសង្គមច្រើនជាងមុន និងធ្វើឱ្យវ័យចំណាស់របស់ពួកគាត់មានភាពស្រស់ស្រាយជាងមុន។
យោងតាមស្ថិតិថ្មីបំផុត ទីក្រុងសៀងហៃ បច្ចុប្បន្ន មានមនុស្សចាស់អាយុចាប់ពី 60 ឆ្នាំឡើង ចំនួន 23.5% ធៀបនឹងប្រជាជនសរុបរបស់ទីក្រុងនេះ។ ការលើកកម្ពស់គុណភាពជីវិតរបស់ក្រុមមនុស្សវ័យចំណាស់គឺជាឧបសគ្គមួយសម្រាប់អាជ្ញាធរមូលដ្ឋាន៕