ក្រុមហ៊ុន Pfizer បានដាក់ពាក្យសុំការអនុម័តឱ្យប្រើប្រាស់ថ្នាំព្យាបាលជំងឺ COVID-19 ឡើងទៅកាន់ FDA បន្ទាប់ពីឱសថរបស់ពួកគេត្រូវបានបញ្ជាក់ថា អាចកាត់បន្ថយហានិភ័យត្រូវចូលពេទ្យ ឬស្លាប់រហូតដល់ 89%។
ក្រុមហ៊ុនផលិតឱសថរបស់ អាម៉េរិក Pfizer កាលពីថ្ងៃទី 16 វិច្ឆិកា ឱ្យដឹងថា ពួកគេបានដាក់ពាក្យរួចហើយដើម្បីស្នើសុំការអនុម័តឱ្យប្រើប្រាស់បន្ទាន់នូវថ្នាំ Paxlovid ដែលមានប្រសិទ្ធភាពប្រឆាំងវីរុស ជួយព្យាបាលជំងឺ COVID-19 ឡើងទៅកាន់អាជ្ញាធរគ្រប់គ្រងអាហារនិងឱសថ (FDA) របស់ សហរដ្ឋអាម៉េរិក។
បច្ចុប្បន្ន មិនទាន់ដឹងច្បាស់ថា ពេលណាទើប FDA នឹងចេញសេចក្ដីសម្រេចចំពោះសំណើរបស់ Pfizer នៅឡើយ។ កាលពីថ្ងៃទី 11 តុលា ក្រុមហ៊ុន Merck និងដៃគូ Ridgeback Biotherapeutics ក៏បានដាក់ពាក្យស្នើសុំការអនុម័តចំពោះថ្នាំ molnupiravir ដែលជាផលិតផលប្រកួតប្រជែងនឹង Paxlovid។
FDA នឹងចេញសេចក្ដីសម្រេចចុងក្រោយស្ដីពីក្រុមគោលដៅដែលអាចប្រើប្រាស់ថ្នាំ ក៏ដូចជាវិធីនៃការប្រើប្រាស់។
ក្រៅពីសហរដ្ឋអាម៉េរិក ក្រុមហ៊ុន Pfizer ក៏កំពុងពន្លឿនដំណើរការនៃការសុំច្បាប់លក់ថ្នាំព្យាបាល COVID-19 នៅក្នុងប្រទេសមួយចំនួនផងដែរ រួមមាន អង់គ្លេស អូស្ត្រាលី នូវែលសេឡង់ និង កូរ៉េខាងត្បូង។
ថ្នាំ Paxlovid របស់ Pfizer គ្រោងនឹងត្រូវបានលក់ក្នុងតម្លៃប្រហាក់ប្រហែលនឹងថ្នាំប្រឆាំង COVID-19 molnupiravir របស់ Merck៕