ប្រទេសរុស្ស៊ី បានរាយការណ៍អំពី «ករណីឆ្លង COVID-19 ប្រភេទថ្មី» នោះគឺវីរុសបំប្លែងខ្លួន AY.4.2 ដែលជាសាខាមួយរបស់វ៉ារ្យ៉ង់ Delta Plus ហើយត្រូវបានគេជឿថា ងាយឆ្លងជាង បើធៀបនឹង វ៉ារ្យ៉ង់ Delta ដំបូង។
អ្នកស្រាវជ្រាវ ជនជាតិរុស្ស៊ី Kamil Khafizov ថ្ងៃនេះបានឱ្យដឹងថា COVID-19 បំប្លែងខ្លួនថ្មី ឈ្មោះ AY.4.2 ងាយឆ្លងជាងប្រហែល 10% ធៀបនឹង វ៉ារ្យ៉ង់ Delta ដំបូង នាំឱ្យករណីឆ្លង និងស្លាប់ប្រចាំថ្ងៃនៅ ប្រទេសរុស្ស៊ី កើនឡើងខ្ពស់បំផុត។ Kamil Khafizov បញ្ជាក់ថា AY.4.2 អាចចូលមកជំនួស Delta ប៉ុន្តែ នេះគឺជាដំណើរការដែលអាចកើតឡើងយឺត។
លោក Kamil Khafizov អះអាងថា AY.4.2 អាចជ្រែកចូលទៅក្នុងកោសិកាឈាម។ លោកបន្ថែមថា «វ៉ាក់សាំងបច្ចុប្បន្ន មានប្រសិទ្ធភាពគ្រប់គ្រាន់ក្នុងការប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មីនេះ»។
AY.4.2 ក៏កំពុងមាននិន្នាការកើនឡើងជាបន្តបន្ទាប់នៅ ប្រទេសអង់គ្លេស ដោយវាមានប្រហែល 6% ធៀបនឹងករណីឆ្លងសរុបក្នុងមួយសប្ដាហ៍ រាប់ចាប់ពីថ្ងៃទី 27 កញ្ញា នេះបើតាមរបាយការណ៍របស់ស្ថាប័នសុវត្ថិភាពសុខាភិបាល អង់គ្លេស ដែលបានប្រកាសកាលពីថ្ងៃទី 15 តុលា។ ក៏ប៉ុន្តែ រដ្ឋលេខាធិការក្រសួងសុខាភិបាលអង់គ្លេស លោក Sajid Javid កាលពីថ្ងៃទី 20 តុលា បានអះអាងថា ពុំមានមូលហេតុណាមួយដែលអាចឱ្យជឿបានថា AY.4.2 នឹងបង្កការគំរាមកំហែងធ្ងន់ធ្ងរជាង Delta នោះទេ។
Nikolay Kryuchkov អ្នកឯកទេសផ្នែកប្រព័ន្ធភាពស៊ាំរបស់ ប្រទេសរុស្ស៊ី ថ្លែងថា Delta និងវីរុសបំប្លែងខ្លួនថ្មីរបស់វា នឹងនៅតែមានឥទ្ធិពលជាងគេ ហើយក្នុងអនាគត ពួកវាអាចសម្របខ្លួនជាមួយនឹងវ៉ាក់សាំង ពិសេសនៅពេលអត្រាការចាក់វ៉ាក់សាំង ក្រោម ឬប្រហាក់ប្រហែលនឹង 50%។
ទាក់ទងនឹងព័ត៌មានខាងលើនេះ ក្រសួងសុខាភិបាលរុស្ស៊ី មិនទាន់បញ្ចេញមតិអ្វីនៅឡើយ៕