សហស្ថាបនិករបស់ក្រុមហ៊ុន BioNTech ដែលជាដៃគូសហការអភិវឌ្ឍវ៉ាក់សាំងជាមួយនឹង Pfizer យល់ថា COVID-19 អាចត្រូវបានគ្រប់គ្រង ហើយគ្រប់គ្នា «មិនគួររស់នៅដោយការភ័យខ្លាចនោះឡើយ»។
«COVID-19 នឹងក្លាយជារោគរាតត្បាតដែលអាចត្រូវបានគ្រប់គ្រង។ បច្ចុប្បន្ន វាបានចាប់ផ្ដើមក្លាយជាវីរុសដែលអាចគ្រប់គ្រងបាន» វេជ្ជបណ្ឌិត Ozlem Tureci ដែលជាសហស្ថាបនិក និងជាប្រធានផ្នែកសុខាភិបាលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រ អាល្លឺម៉ង់ BioNTech និយាយនៅក្នុងកម្មវិធីរបស់ CNBC កាលពីថ្ងៃទី 29 កញ្ញា។
ក៏ប៉ុន្តែ លោកស្រីសង្កត់ធ្ងន់ថា «គេត្រូវការវិលត្រលប់ទៅរកស្ថានភាពធម្មតាថ្មី ព្រោះថា វីរុសនេះនឹងនៅតែរស់នៅជាមួយយើងក្នុងរយៈពេលច្រើនឆ្នាំទៀត»។
នៅពេលត្រូវបានសួរអំពីការព្រួយបារម្ភចំពោះ វ៉ារ្យ៉ង់ ថ្មី លោកស្រីឱ្យដឹងថា BioNTech «វាយតម្លៃជាបន្តបន្ទាប់ លើវីរុសបំប្លែងថ្មីដែលជិតបង្ហាញខ្លួន» ហើយថា «នឹងមាន វ៉ារ្យ៉ង់ ថ្មីៗបន្ថែមទៀត»។
«ចំពោះវ៉ារ្យ៉ង់ទាំងឡាយនាបច្ចុប្បន្ន គេទំនងជាត្រូវការចាក់វ៉ាក់សាំងរំលឹកប៉ុណ្ណោះគឺអាចជួយឱ្យប្រព័ន្ធការពាររាងកាយដែលថយចុះ ត្រលប់មកកម្រិតខ្ពស់វិញ» វេជ្ជបណ្ឌិត Tureci ថ្លែងដូច្នេះ។ «ប៉ុន្តែ យើងត្រូវបន្តចម្រាញ់ជ្រើសរើស ព្រោះថា ពេលខាងមុខអាចនឹងមាន វីរុស បំប្លែងថ្មីដែលមិនដូចបច្ចុប្បន្ន។ យើងបានត្រៀមរួចហើយ សម្រាប់ករណីត្រូវប្រតិកម្មនឹង វ៉ារ្យ៉ង់ ថ្មី»។
លោកស្រី Tureci និងស្វាមី Ugur Sahin ដែលជា CEO បានរួមដៃគ្នាបង្កើត BioNTech កាលពីឆ្នាំ 2008។ លោកស្រីនិយាយថា ត្រូវការទិន្នន័យបន្ថែមទៀតដើម្បីគូសវាសរកច្រកចេញពីមហារោគរាតត្បាត ប៉ុន្តែ លោកស្រីយល់ថា ការចាក់វ៉ាក់សាំងដូសជំរុញនាពេលអនាគត អាចត្រូវបានចាក់ «12 ឬ 18 ខែ ម្ដង»។
ការងារអាទិភាពបច្ចុប្បន្នរបស់ក្រុមហ៊ុននា BioNTech នោះគឺវិធីសាស្ត្របង្កើនសមត្ថភាពរបស់ប្រព័ន្ធការពាររាងសម្រាប់ថ្នាំព្យាបាលជំងឺមហារីក និងការប្រើប្រាស់បច្ចេកវិទ្យា mRNA ដើម្បីជំរុញប្រតិកម្មរបស់ប្រព័ន្ធភាពស៊ាំក្នុងរាងកាយ។ BioNTech ក៏កំពុងស្រាវជ្រាវ អភិវឌ្ឍវ៉ាក់សាំងប្រឆាំងជំងឺគ្រុនចាញ់ផងដែរ៕