ប្រធានាធិបតី Joe Biden នឹងប្រកាសជាផ្លូវការនូវគម្រោងទិញវ៉ាក់សាំងបង្ការវីរុសCovid-19 ចំនួន 500លានដូស ដើម្បីចែកឱ្យបណ្ដាប្រទេសដែលរងផលប៉ះពាល់ពីវិបត្តិសុខភាព នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រទេស G7។
សារព័ត៌មាននៅ សហរដ្ឋអាមេរិក ដកស្រង់ប្រភពព័ត៌មាននានា កាលពីថ្ងៃទី9 ខែមិថុនា ឱ្យដឹងថា អាជ្ញាធររបស់លោក Biden មានគម្រោងទិញវ៉ាក់សាំង Covid-19 ចំនួន 500លានដូស ពីក្រុមហ៊ុន Pfizer-BioNTech ដើម្បីចែកឱ្យប្រទេសផ្សេងៗក្នុងពិភពលោក។
ប្រធានាធិបតីសហរដ្ឋអាមេរិក នឹងប្រកាសជាផ្លូវការអំពីគម្រោងខាងលើនេះ នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រទេសឧស្សាហកម្មរីកចម្រើនជាងគេក្នុងពិភពលោក (G7) ដែលនឹងត្រូវធ្វើឡើងនៅក្នុងប្រទេសអង់គ្លេស នាពេលដ៏ខ្លីខាងមុខ។ នេះបើតាមសារព័ត៌មាន Washington Post និង New York Times។
ប្រធានាធិបតី Biden ក៏បាននិយាយដល់បញ្ហានេះ នៅពេលឆ្លើយនឹងសំណួររបស់ក្រុមអ្នកសារព័ត៌មាន មុនពេលលោកធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុប។ លោកបញ្ជាក់ថា៖ «ខ្ញុំមានផែនការ ហើយនឹងប្រកាសឆាប់ៗនេះ»។
ចំណែកសារព័ត៌មាន Times បានឱ្យដឹងថា លោក Biden រួមនឹងនាយកប្រតិបត្តិនៃក្រុមហ៊ុន Pfizer លោក Albert Bourla នឹងចូលរួមសន្និសីទសារព័ត៌មានមួយ ដើម្បីប្រកាសអំពីគម្រោងខាងលើ។
យោងតាមសារព័ត៌មាន Times កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឱ្យ សហរដ្ឋអាមេរិក មិនត្រូវបង់ថ្លៃដែលរួមទាំងខ្ទង់ចំណេញសម្រាប់វ៉ាក់សាំងដែលបានបញ្ជាទិញ ជាមួយនឹងគម្រោងទទួលបាន 200លានដូស ក្នុងឆ្នាំនេះ និង 300លានដូសក្នុងឆ្នាំ2022។
បច្ចុប្បន្ន សហរដ្ឋអាមេរិក បានចាក់វ៉ាក់សាំងបង្ការ Covid-19 រួចរាល់ ជូនដល់ពលរដ្ឋជាងពាក់កណ្ដាល នៃប្រទេសនេះ និងបានឱ្យដឹងថា អត្រានៃករណីឆ្លង បានថយចុះក្នុងរយៈពេលកន្លង៕
ប្រភព៖ Reuters
ប្រែសម្រួល៖ បុត្រា