កាបូបស្ពាយ​ទៅ​រៀន និង​សុខភាព​ខ្នង​របស់​កូន

ឃើញ​កូនសិស្សតូចៗ ស្ពាយ​កាបូប ដែល​ធ្ងន់​កន្តុក ពេញ​ដោយ​សៀវភៅ​ហើយ​នោះ ធ្វើឱ្យ​មនុស្ស​ធំ​ជាច្រើន​នាក់​ហាក់ដូចជា​នឹក​បារម្ភ ចំពោះ​សុខភាព​របស់ក្មេងៗទាំងនោះ​ខ្លាំងណាស់ ជាពិសេស​សុខភាព​ខ្នង និង​ក ដែល​នឹង​ហុច​ផលប៉ះពាល់​ទៅដល់ ភាពខុសប្រក្រតី​របស់​ឆ្អឹង​ដងខ្លួន​ទៀតផង។

ចុះ​អ្នក​វិញ តើ​អ្នកនឹង​មើលថែទាំ​រឿងនេះ ចំពោះកូនៗយ៉ាងណាដែរ?

មាន​ពាក្យ​ណែនាំ​ថា កាបូប​ដាក់​សៀវភៅ​ស្ពាយ​ទៅ​រៀន​របស់ក្មេងៗ មិនគួរ​មាន​ទម្ងន់​លើស 10 % នៃ​ទម្ងន់​ខ្លួន​របស់​ក្មេង  និង​ខ្សែ​ស្ពាយ គួរ​មាន​ទំហំ​ទទឹង មិនតូច​ជាង 6សង់ទីម៉ែត្រ​ឡើយ  ព្រោះ​ខ្សែ​ដែល​តូច​ពេក នឹងធ្វើ​ឱ្យ​កើត​មានការ​សង្កត់​លើ​សាច់ដុំ​ស្មា​ខ្លាំង​ជ្រុល​ពេក។ ពេល​ស្ពាយ ក៏​គួរ​ស្ពាយ​ដោយ​ស្មា​ទាំងសងខាង ដើម្បីឱ្យ​កាបូប ចែកចាយ​ទម្ងន់​បាន​យ៉ាង​សមតុល្យ និង​ជួយ​ការពារ មិន​ធ្វើឱ្យ​ស្មា ទាប​ខ្ពស់​មិន​ស្មើគ្នា​ទៀតផង។ ក្រៅពីនេះ គួរ​សម្រួល​ខ្សែ​ស្ពាយ ឱ្យ​តួ​កាបូប​នៅ​ផ្អឹប​ជាប់​នឹង​ខ្នង និង​ស្មា កុំឱ្យ​កាបូប​យារ​ធ្លាក់ ទៅ​ក្រោម​ជ្រុល​ពេក និង​ឱ្យក្មេងៗដើរ ខ្លួន​ឱ្យ​ត្រង់ មិន​អោន​ទៅមុខ ឬ​ខំ​ចំកោង​ខ្នង ដើម្បី​ខំ​ទ្រ​ទម្ងន់​កាបូប​នោះទេ។

បើ​ក្មេង​មាន​អា​ការឈឺ​ខ្នង ឈឺ​ក ឈឺ​ស្មា ឬ​ឈឺក្បាល​ញឹកញាប់ គួរ​ប្រញាប់​នាំទៅ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ភ្លាម ព្រោះ​បើសិន​ចេះតែ​បណ្តោយ​ទុក​យូរ មិន​ប្រញាប់​ព្យាបាល ការ​សង្កត់​ដ៏​ធ្ងន់ របស់​កាបូប ក៏​នឹង​ធ្លាក់ចុះ ឆ្ពោះទៅរក​ឆ្អឹង​កង​ខ្នង​របស់​ក្មេង ដែល​អាច​នឹង​ហុច​ផល ឱ្យ​កើតមាន​បញ្ហា​ធំ​ទៅ​ថ្ងៃក្រោយ​បាន។

ការមើល​ថែទាំ​សុខភាព​របស់ក្មេងៗ គឺជា​រឿង​ចាំបាច់ និង​សំខាន់​ណាស់ មិនមែន​ហុច​ផលប៉ះពាល់ ត្រឹមតែ​ពេលបច្ចុប្បន្ន​ប៉ុណ្ណោះ​ទេ ព្រោះ​ការ​មាន​សុខភាព​ដែល​ល្អ ឬ​មិនល្អ​ចំពោះ​ក្មេង ច្បាស់​ជា​ហុច​ផល​ក្នុង​រយៈពេល​វែង រហូតដល់​ក្លាយជា​មនុស្ស​ធំ​មិន​ខាន។ ដូច្នេះ​ទើប​គួរ​មើលថែទាំកូនៗឱ្យបាន​ល្អ តាំងពី​ថ្ងៃនេះ​តែម្តង ទើប​ជាការ​ប្រសើរ៕

Advertisement