រដ្ឋបាលប្រធានាធិបតី Joe Biden គ្រោងនឹងប្រកាសឱ្យដឹងពីឈ្មោះប្រទេសដែលនឹងទទួលបានវ៉ាក់សាំងបង្ការវីរុសCovid-19 ដែលជាជំនួយដំបូងរបស់សហរដ្ឋអាមេរិក។
សារព័ត៌មាន Bloomberg កាលពីថ្ងៃទី3 ខែមិថុនា ដកស្រង់ប្រភពព័ត៌មានមួយ ឱ្យដឹងថា សេតវិមាន បានសម្រេចលើការបង្កើតផែនការបែងចែកវ៉ាក់សាំង Covid-19 រាប់សិបលានដូស ទៅដល់បណ្ដាប្រទេស ដែលកំពុងត្រូវការ បន្ទាប់ពីបានពិភាក្សារួចរាល់។
លោក Joe Biden ទំនងជានឹងប្រកាសព័ត៌មានលម្អិតទាក់ទងនឹងបញ្ហាខាងលើនៅក្នុងសប្ដាហ៍នេះ ដោយគិតទៅលើកត្តាសមធម៌ និងសហការស៊ីជម្រៅជាមួយនឹងកម្មវិធី Covax ដែលដឹកនាំដោយអង្គការសហប្រជាជាតិ សម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំងដល់បណ្ដាប្រទេសក្រីក្រ។
យុទ្ធនាការចាក់វ៉ាក់សាំងនៅសហរដ្ឋអាមេរិក មានការរីកចម្រើនខ្លាំង ដោយវ៉ាក់សាំងចំនួន 297លានដូស ត្រូវបានប្រើប្រាស់ ក្នុងនោះ ពលរដ្ឋពេញវ័យចំនួន 62.9% ទទួលបានការចាក់វ៉ាក់សាំងយ៉ាងតិចមួយដូស គិតត្រឹមថ្ងៃទី2 ខែមិថុនា ឆ្នាំ2021។
មុននោះ ប្រធានាធិបតី Joe Biden បានឱ្យដឹងថា សហរដ្ឋអាមេរិក គ្រោងនឹងផ្ដល់វ៉ាក់សាំងចំនួន 80លានដូស ក្នុងនោះមានវ៉ាក់សាំង AstraZeneca ចំនួន 60លានដូស និងវ៉ាក់សាំង Moderna, Pfizer និង Johnson & Johnson ចំនួន 20លានដូស ដល់បណ្ដាប្រទេសក្នុងពិភពលោក៕
ប្រភព៖ Reuters
ប្រែសម្រួល៖ បុត្រា