ឥណ្ឌា៖ សាកសពយ៉ាងតិច ចំនួន 40នាក់ ដែលបានអណ្ដែតចូលក្បែរឆ្នេរទន្លេគង្គា ស្ថិតនៅកណ្ដាលរដ្ឋ Biha និងរដ្ឋ Uttar Pradesh ត្រូវបានក្រុមមន្ត្រីសង្ស័យថា គឺជាអ្នកជំងឺ Covid-19 ដែលមិនបានបូជា។
«ហេតុការណ៍នេះបានកើតឡើងនៅឯទន្លេគង្គា ក្នុងស្រុក Buxar ក្បែរបន្ទាត់ខណ្ឌចែករដ្ឋ Bihar និង Uttar Pradesh។ យើងបានស្នើឱ្យអាជ្ញាធរ ដោះស្រាយបញ្ហានេះ ដោយការបូជាភ្លើង និងបញ្ចុះ» Ashok Kumar ជាមន្ត្រីនៅមូលដ្ឋាន បាននិយាយដូច្នេះ កាលពីថ្ងៃទី10 ខែឧសភា។
ប្រភពព័ត៌មានពីស្រុក Buxar បានឱ្យដឹងថា ចំនួនសាកសពដែលអណ្ដែតមកក្បែរច្រាំងទន្លេ អាចឡើងដល់ 100នាក់ ក្នុងនោះសាកសពជាច្រើនកំពុងស្អុយរលួយ និងប្រហែលជាបានស្ថិតនៅក្រោមទឹកទន្លេអស់ជាច្រើនថ្ងៃមកហើយ។ មន្ត្រីមួយចំនួនបានសំដែងការព្រួយបារម្ភខ្លាំង ដោយសង្ស័យថា សាកសពទាំងនោះអាចជាអ្នកដែលបានស្លាប់ដោយសារ Covid-19។
អ្នកស្រុកជឿថា សាកសពអាចត្រូវបានគេបណ្ដែតចូលទន្លេ ព្រោះតែទីតាំងបូជាសពកំពុងពេញណែន ឬគ្រួសារសពមិនមានប្រាក់គ្រប់គ្រាន់ដើម្បីទិញឧស។ Kameshwar Pandey ដែលជាអ្នករស់នៅក្បែរទន្លេ បាននិយាយថា៖ «នេះគឺជាអ្វីដែលធ្វើឱ្យយើងរន្ធត់ខ្លាំង»។
មហារោគ Covid-19 នៅតែរាតត្បាតប្រទេសឥណ្ឌា និងកំពុងឆ្លងរាលដាលយ៉ាងលឿនក្នុងតំបន់ជនបទដ៏ធំរបស់ប្រទេសនេះ បណ្ដាលឱ្យប្រព័ន្ធសុខាភិបាល ក៏ដូចជាទីតាំងបូជាសព និងទីបញ្ចុះសព ត្រូវលើសចំណុះ។ រដ្ឋ Bihar និង រដ្ឋ Uttar Pradesh ស្ថិតក្នុងចំណោមរដ្ឋដែលក្រីក្របំផុតរបស់ប្រទេសឥណ្ឌា។
យោងតាមស្ថិតិរបស់រដ្ឋាភិបាលឥណ្ឌា អ្នកជំងឺ Covid-19 ប្រមាណ 4,000នាក់ បានស្លាប់ជារៀងរាល់ថ្ងៃ ក្នុងគ្រាដែលករណីស្លាប់សរុប បានកើនដល់ជាង 250,000នាក់ នៅក្នុងចំណោមអ្នកវិជ្ជមាននឹងវីរុសCovid-19 ជិត 23លាននាក់។ ប៉ុន្តែ ក្រុមអ្នកជំនាញ ជឿថា តួលេខពិតអាចខ្ពស់ជាងនេះច្រើនដង។
រលកទីពីររបស់ Covid-19 បានរុញច្រានប្រព័ន្ធសុខាភិបាលឥណ្ឌា ឱ្យប្រឈមនឹងការដួលរលំ បណ្ដាលឱ្យអ្នកជំងឺត្រូវស្លាប់ដោយសារខ្វះអុកស៊ីសែន មិនបានចូលព្យាបាលនៅមន្ទីរពេទ្យ និងខ្វះថ្នាំសង្កូវ៕
ប្រភព៖ AFP
ប្រែសម្រួល៖ បុត្រា