រដ្ឋ Virginia ខាងលិខ (West Virginia) របស់សហរដ្ឋអាមេរិក នឹងផ្ដល់មូលបត្របំណុលតម្លៃ 100ដុល្លារ ដល់បុគ្គលទាំងឡាយណាដែលមានអាយុចាប់ពី 16ឆ្នាំ ដល់ 35ឆ្នាំ ដែលបានចាក់វ៉ាក់សាំងបង្ការ Covid-19 រួចរាល់។
យោងតាមសារព័ត៌មាន New York Times របស់អាមេរិក នៅក្នុងសេចក្ដីប្រកាសមួយដែលបានផ្សាយកាលពីថ្ងៃទី26 ខែមេសា លោក Jim Justice អភិបាលរដ្ឋ Virginia ខាងលិច បានប្រកាសថា ពលរដ្ឋទាំងអស់ដែលមានអាយុចាប់ពី 16 ដល់ 35ឆ្នាំ របស់រដ្ឋនេះ នឹងទទួលបានមូលបត្របំណុលដែលមានតម្លៃ 100ដុល្លារ/ម្នាក់ បន្ទាប់ពីពួកគេបានចាក់វ៉ាក់សាំងបង្ការវីរុសCovid-19 រួចរាល់ជាស្ថាពរ។
ដើម្បីទូទាត់លើខ្ទង់ចំណាយនេះ រដ្ឋ Virginia ខាងលិច នឹងប្រើប្រាស់ថវិកាដែលបានមកពីច្បាប់ CARES ជាកញ្ចប់ជំនួយសម្រាប់ដោះស្រាយបញ្ហា Covid-19 ដែលសភាបានអនុម័តកាលពីខែមីនា ឆ្នាំ2020 ក្រោមរដ្ឋបាលរបស់លោក Donald Trump។
ទន្ទឹមនឹងគម្រោងផ្ដល់មូលបត្របំណុល អភិបាលរដ្ឋ Virginia ខាងលិច ក៏បានលើកឡើងនូវវិធិសាស្ត្រជាច្រើនផ្សេងទៀត ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋមកទទួលការចាក់វ៉ាក់សាំង ក្នុងនោះក៏មានបង្កើតទីតាំងចាក់វ៉ាក់សាំងនៅខាងមុខសាកលវិទ្យាល័យផងដែរ។
យោងតាម New York Times រដ្ឋ Virginia ខាងលិច បច្ចុប្បន្នមានអត្រានៃការឆ្លង Covid-19 ថ្មី ខ្ពស់ជាងគេលំដាប់ទី16 និងឈរលំដាប់ទី12 បើគិតអំពីករណីត្រូវចូលព្យាបាលនៅមន្ទីរពេទ្យ ធៀបនឹងបណ្ដារដ្ឋនៅសហរដ្ឋអាមេរិក។ កន្លងមក រដ្ឋ Virginia ខាងលិច គឺជារដ្ឋដែលឈរលំដាប់ទីពីរស្ដីពីអត្រានៃចំនួនពលរដ្ឋដែលបានចាក់វ៉ាក់សាំងលើកដំបូង បន្ទាប់ពីរដ្ឋ Alaska។
ពលរដ្ឋចំនួន 35.3% របស់រដ្ឋ Virginia ខាងលិច បានចាក់វ៉ាក់សាំងបង្ការ Covid-19 យ៉ាងតិច 1ដង ក្នុងនោះមាន 29% បានចាក់វ៉ាក់សាំងរួចរាល់។ អភិបាលរដ្ឋ Virginia ខាងលិច លោក Justice បានឱ្យដឹងថា គិតដល់ថ្ងៃទី26 ខែមេសា ឆ្នាំ2021 ពលរដ្ឋវ័យចំណាស់ ចំនួន 78% បានចាក់វ៉ាក់សាំងយ៉ាងតិច 1ដូស ក្នុងនោះមាន 68.5% បានចាក់រួចរាល់។
ប៉ុន្តែ បច្ចុប្បន្ន ការចាក់វ៉ាក់សាំងរបស់រដ្ឋនេះ កំពុងមានការយឺតយ៉ាវ ដោយពលរដ្ឋប្រមាណតែ 52% ប៉ុណ្ណោះ ដែលបានចាក់វ៉ាក់សាំងលើកដំបូង ដែលតួលេខនេះ ទាបជាងឆ្ងាយបើធៀបនឹង 70% ដែលជាផែនការដំបូង។
សហរដ្ឋអាមេរិក គឺជាសម្បុកវីរុសCovid-19 ធំជាងគេក្នុងពិភពលោក ដោយមានពលរដ្ឋជិត 33លាននាក់បានឆ្លងវីរុស និងជាង 587,000នាក់បានស្លាប់ដោយសារវីរុសនេះ។ រដ្ឋ Virginia ខាងលិច បច្ចុប្បន្នមានអ្នកឆ្លងវីរុសជាង 150,000នាក់ និងជាង 2,600នាក់បានបាត់បង់ជីវិតដោយសារ Covid-19។ ទូរទស្សន៍សាធារណៈ Virginia ខាងលិច បានផ្សាយថា ពលរដ្ឋក្រោមអាយុ 20ឆ្នាំ ប្រមាណ 26% បានឆ្លង Covid-19 បើធៀបនឹងករណីឆ្លងសរុបរបស់រដ្ឋនេះ៕
ប្រភព៖ Washingtonpost, NPR
ប្រែសម្រួល៖ បុត្រា