ចំនួនអ្នកជំងឺកូវីដ-19 នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងច្រើនជាង 3សែននាក់ ជាថ្ងៃទី2 ជាប់ៗគ្នា កណ្ដាលវិបត្តិខ្វះខ្យល់អុកស៊ីហ្ស៊ែន។
ទីភ្នាក់ងារព័ត៌មានអន្តរជាតិ បានរាយការណ៍ពីទីក្រុងនីវដេលី ប្រទេសឥណ្ឌា កាលពីថ្ងៃទី23 មេសាថា ក្រសួងសុខាភិបាលរបស់ឥណ្ឌា បានរាយការណ៍ពីស្ថិតិថ្មីពាក់ព័ន្ធនឹងជំងឺកូវីដ-19 នៅក្នុងប្រទេស ដោយបានរកឃើញអ្នកជំងឺថ្មី 332,730នាក់ ជាចំនួនមួយ ខ្ពស់បំផុតជាប្រវត្តិសាស្ត្រ ទាំងលំដាប់ប្រទេស និងលំដាប់ពិភពលោក ដោយកើនឡើង 17,895នាក់ ពីស្ថិតិចាស់កាលពីថ្ងៃព្រហស្បតិ៍ ដែលនេះគឺជាថ្ងៃទី2 ជាប់គ្នាហើយ ដែលប្រទេសឥណ្ឌា បានអះអាងពីអ្នកឆ្លងមេរោគថ្មីប្រចាំថ្ងៃ ច្រើនជាង 3សែននាក់ និងធ្វើឱ្យចំនួនអ្នកជំងឺកូវីដ-19 សរុប ច្រើនជាង 16លាននាក់ ច្រើនជាប់លំដាប់លេខ2 បន្ទាប់ពីសហរដ្ឋអាមេរិក។
ខណៈដែលក្នុងជុំ 1ថ្ងៃដូចគ្នា មានអ្នកស្លាប់ទាំងអស់ 2,263នាក់ ជាស្ថិតិស្លាប់ប្រចាំថ្ងៃខ្ពស់បំផុតដូចគ្នា ចាប់តាំងពីមានការឆ្លងរាលដាលនៅក្នុងប្រទេសកាលពីខែមករាមក ធ្វើឱ្យបច្ចុប្បន្នប្រទេសឥណ្ឌា មានចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-19 យ៉ាងតិច 186,920នាក់ ជាប់លំដាប់ថ្នាក់លេខ3 បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រេស៊ីល ចំណែកស្ថិតិអ្នកជំងឺ ដែលនៅសល់ និងកំពុងព្យាបាលក្នុងប្រព័ន្ធមន្ទីរពេទ្យ មានចំនួនយ៉ាងតិច 2,428,600នាក់។
ទាំងអស់នេះ មន្ទីរពេទ្យនៅក្នុងប្រទេសឥណ្ឌា យ៉ាងតិច 2កន្លែង បានទទួលស្គាល់ថា កំពុងជួបនឹងវិបត្តិខ្វះខ្យល់អុកស៊ីហ្ស៊ែន ចំណែកលោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី បានត្រៀមប្រជុំបន្ទាន់ ជាមួយប្រមុខមន្ត្រី ក្នុងរដ្ឋដែលបញ្ហាអុកស៊ីហ្ស៊ែនមិនគ្រប់គ្រាន់ និងក្រុមហ៊ុនផលិតខ្យល់អុកស៊ីហ្ស៊ែនទាំងអស់នៅថ្ងៃនេះ៕
ប្រភព៖ ទីភ្នាក់ងារព័ត៌មាន Reuters
ប្រែសម្រួលដោយ តាវ៉ែនតា