មេរោគកូវីដ-19 ប្រភេទក្លាយពូជ ដែលកាន់តែពុះកញ្ជ្រោលខ្លាំងឡើងក្នុងករណីអ្នកឆ្លងថ្មីនៅក្នុងប្រទេសឥណ្ឌា ត្រូវបានរកឃើញនៅក្នុងប្រទេសបែលហ្ស៊ិក ក្នុងក្រុមនិស្សិតជនជាតិឥណ្ឌា ដែលធ្វើដំណើរមកពីទីក្រុងប៉ារីស ប្រទេសបារាំង ខណៈដែលកាណាដា ជាប្រទេសចុងក្រោយគេ ដែលបានហាមឃាត់ជើងហោះហើរមកពីប្រទេសឥណ្ឌា និងប៉ាគីស្ថាន មិនឱ្យធ្វើដំណើរចូលប្រទេស ក្រោមក្ដីកង្វល់បារម្ភចំពោះមេរោគក្លាយពូជ ដែលមានលក្ខណៈពិសេស ដែលអាចបង្កឱ្យកើត “ការឆ្លងរាលដាលច្រើនឡើង” ឬរហូតដល់ “កាត់បន្ថយប្រសិទ្ធភាពវ៉ាក់សាំង” បានទៀតផង។
លោក ប៉េដ្រូ ហ្វាខុន មន្ត្រីថ្នាក់ខ្ពស់នៃរដ្ឋបាលបែលហ្ស៊ិក បានបង្ហើបប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា និស្សិតពេទ្យឥណ្ឌា 20នាក់ ដែលធ្វើដំណើរមកពីទីក្រុងប៉ារីស ប្រទេសបារាំង ចូលមកបែលហ្ស៊ិក ក្នុងអំឡុងពាក់កណ្ដាលខែមេសា មានលទ្ធពិនិត្យវីរុសកូរ៉ូណាប្រភេទថ្មីក្លាយពូជឥណ្ឌា វិជ្ជមាន។
និស្សិតទាំងអស់ ត្រូវបាននាំខ្លួនទៅមជ្ឈមណ្ឌលបង្ខាំងជំងឺ ក្នុងក្រុងហាលស៍ និងទីក្រុងលូវឹន ភាគខាងជើងប្រទេសបែលហ្ស៊ិក ដែលពីដើមពួកគេមានកម្មវិធីចូលរួមសិក្ខាសាលាហ្វឹកអប់រំ ក្នុងទីក្រុងមួយនេះ។
ក្រុមអ្នកជំនាញការជាច្រើន បានចង្អុលបង្ហាញថា ក្រុមនិស្សិតទាំងនោះ អាចជាជនរងគ្រោះរបស់ Super Spreader ទាំងពីសមាជិកក្នុងក្រុមខ្លួនឯង ឬអ្នកដំណើរដទៃទៀតនៅលើរថយន្តក្រុង ដែលដឹកពួកគេ ពីទីក្រុងប៉ារីស មកប្រទេសបែលហ្ស៊ិក “ក្រុមនិស្សិតទាំងនោះ កំពុងស្ថិតក្នុងការបង្ខាំងខ្លួនយ៉ាងតឹងរ៉ឹង តាំងពីពេលធ្វើដំណើរមកដល់ រហូតមកដល់ថ្ងៃនេះ និស្សិតទាំង 20នាក់ ក្នុងចំណោម 43នាក់ បានឆ្លងមេរោគកូវីដក្លាយពូជ” លោក អេមម៉ានូអែល អង់ដ្រេ អ្នកជំនាញផ្នែក Microbiology មកពីមហាវិទ្យាល័យលូវឹន បានថ្លែងបែបនេះ។
លោក ម៉ាក ហ្វាន រ៉ាន់ស៍ អ្នកវីរុសវិទ្យា ជាអ្នកជំនាញការម្នាក់ទៀត បានផ្ដល់សម្ភាសជាមួយស្ថានីយវិទ្យុក្នុងតំបន់ថា ក្រុមរបស់លោក បានធ្វើដំណើរតាមយន្តហោះមកដល់ទីក្រុងប៉ារីសនៅថ្ងៃទី12 មេសា បន្ទាប់ពីនោះ 5ថ្ងៃតមកទៀត និស្សិតជាច្រើននាក់ បានចាប់ផ្ដើមបង្ហាញអាការការឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី។
មេរោគក្លាយពូជឥណ្ឌា B.1.617 ចាប់ផ្ដើមរកឃើញនៅក្នុងប្រទេសផ្សេងៗរួចហើយ ក្នុងនោះរួមទាំងសហរដ្ឋអាមេរិក អូស្ត្រាលី អ៊ីស្រាអែល និងសិង្ហបុរី ដែលក្ដីបារម្ភកង្វល់ពាក់ព័ន្ធនឹងមេរោគក្លាយពូជនេះ បានធ្វើឱ្យប្រទេសមួយចំនួន ក្នុងនោះរួមទាំងចក្រភពអង់គ្លេសផង បានកំណត់កម្រិតការធ្វើដំណើរជាមួយប្រទេសឥណ្ឌា។
យ៉ាងណាក៏ដោយ ក្ដីកង្វល់បារម្ភ មានកាន់តែខ្លាំងឡើង ក្រោយពីចំនួនអ្នកឆ្លងមេរោគកូវីដ-19 ក្នុងប្រទេសឥណ្ឌា បានកើនឡើងយ៉ាងឥតឈប់ឈរ ដោយថ្មីៗបំផុតនេះ បានក្លាយជាស្ថិតិថ្មី ខ្ពស់បំផុតក្នុងពិភពលោក ចាប់តាំងពីមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ចាប់ផ្ដើមរាលដាល កាលពីចុងឆ្នាំ2019 មក។
មូលហេតុមួយផ្នែក របស់ការឆ្លងរាលដាលរលកថ្មីនៅក្នុងប្រទេសឥណ្ឌា បណ្ដាលមកពីវីរុសក្លាយពូជបែប “Double Mutant”។
ប្រភព៖ ទីភ្នាក់ងារព័ត៌មាន Reuters
ប្រែសម្រួលដោយ តាវ៉ែនតា