កាលពីថ្ងៃទី19មេសាកន្លងទៅ ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានប្រកាសថា ពិភពលោកមានឧបករណ៍នានាដើម្បីនាំមហារោគរាតត្បាត Covid-19 នៅទូទាំងពិភពលោក ចូលទៅក្នុងរង្វង់ដែលអាចគ្រប់គ្រងបាន នាប៉ុន្មានខែខាងមុខ។
ក្នុងសន្និសីទសារព័ត៌មាន មេដឹកនាំ WHO បានលើកឡើងថា៖ «យើងមានមធ្យោបាយមួយចំនួនដើម្បីគ្រប់គ្រងមហារោគរាតត្បាតបាន នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខ បើសិនយើងប្រើប្រាស់មធ្យោបាយទាំងនេះប្រកបដោយឯកភាព និងសមភាព»។
ក្នុងថ្ងៃដដែលនោះ គណៈកម្មការគ្រប់គ្រងស្ថានការណ៍បន្ទាន់របស់ WHO ក៏បានផ្ដល់អនុសាសន៍ថា មិនចាំបាច់ប្រើប្រាស់លិខិតបញ្ជាក់ការចាក់វ៉ាក់សាំងសម្រាប់ការដើរហើរលក្ខណៈអន្តរជាតិនោះទេ។ ប្រការនេះធ្វើឱ្យបញ្ហាចម្រូងចម្រាសដែលមានស្រាប់នេះ កាន់តែមានភាពស្មុគស្មាញ។
គណៈកម្មការខាងលើយល់ថា ប្រទេសនានាគួរតែទទួលស្គាល់ថា ការតម្រូវឱ្យមានលិខិតបញ្ជាក់អំពីការចាក់វ៉ាក់សាំង ធ្វើឱ្យបញ្ហាមិនស្មើភាពគ្នារបស់ពិភពលោក កាន់តែធ្ងន់ធ្ងរឡើងៗ ព្រមទាំងជំរុញឱ្យសិទ្ធិដើរហើរប្រែទៅជារឿងអយុត្តិធម៌ទៅវិញ។
យោងតាម worldometers.info គិតមកដល់ល្ងាចថ្ងៃទី20 ខែមេសា (នៅភ្នំពេញ) ពិភពលោកទាំងមូលមានអ្នកឆ្លងវីរុស Covid-19 សរុបចំនួន 142,723,918នាក់ ក្នុងនោះ មានអ្នកស្លាប់រហូតដល់ 3,043,595នាក់, អ្នកជំងឺបានជាសះស្បើយ 121,240,304នាក់ និងអ្នកកំពុងព្យាបាលចំនួន 18,440,019នាក់៕
ប្រភព៖ CNA
ប្រែសម្រួល៖ បុត្រា