អាជ្ញាធរដែលកំពុងអនុវត្តវិធានការបិទខ្ទប់ មិនត្រូវរារាំងដំណើរមន្ត្រីសុខាភិបាល អ្នកលក់ឱសថ និងម៉ូតូដឹកជញ្ជូនអាហារនោះឡើយ ដើម្បីចៀសវាងបញ្ហាប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងតំបន់ដែលកំពុងត្រូវបានបិទខ្ទប់ដោយសារ Covid-19។
ការលើកឡើងដូចខាងលើនេះ ក៏ព្រោះតែពួកគេគឺជាអ្នកសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋ។ នេះបើតាមលោក លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ។ ទាក់ទងនឹងការផ្គត់ផ្គង់អាហារ លោកអភិបាលរង បានបញ្ជាក់ថា កន្លងមក លោកបានទទួលព័ត៌មានថា ក្រុមម៉ូតូដែលដឹកជញ្ជូនអាហារត្រូវបានសមត្ថកិច្ចមួយចំនួនរារាំង ព្រោះតែមិនឃើញមានអាហារនៅក្នុងធុងអាហារ។ អភិបាលរងរាជធានីភ្នំពេញរូបនេះ បញ្ជាក់ថា កាលណាពួកគេទម្លាក់អាហារទៅឱ្យអ្នកទិញរួចហើយ នោះពួកគេនឹងជិះម៉ូតូទទេត្រលប់មកវិញ ដូច្នេះ «សូមមេត្តាលើកលែង និងចៀសវាងការខុសឆ្គងដែលនាំឱ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ»ដែលមានតម្រូវការអាហារហូបចុក។
រាជរដ្ឋាភិបាលកម្ពុជា កាលពីសប្ដាហ៍មុន បានចាប់ផ្ដើមអនុវត្តការបិទខ្ទប់រាជធានីភ្នំពេញ និងទីក្រុងតាខ្មៅនៃខេត្តកណ្ដាលក្នុងរយៈពេល14ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសCovid-19។ បទបញ្ជាដែលមានសុពលភាពចាប់ពីថ្ងៃទី15 ដល់ថ្ងៃទី28 ខែមេសា ឆ្នាំ2021នេះ ក៏មានករណីលើកលែងមួយចំនួនផងដែរ ពិសេសគឺពាក់ព័ន្ធនឹងអាហារហូបចុក សុខភាព រួមនឹងករណីចាំបាច់បន្ទាន់ជាច្រើនផ្សេងទៀត៕
ប្រភព៖ វិទ្យុជាតិកម្ពុជា
ដកស្រង់៖ បុត្រា