តាមរយៈគណនីផេចហ្វេសប៊ុករបស់ក្រុមព្រះសូរិយា បានឱ្យដឹងថា ថ្មីៗនេះទើបតែរកឃើញខ្សែភាពយន្ត «ជីវិតផ្សងព្រេង» ដែលបានកប់បាត់រយះពេលជាង40ឆ្នាំមកហើយ ។ រឿងនេះសហផលិតកម្មកម្ពុជានិងថៃ ដែលបានផលិតនៅឆ្នាំ1970។ នៅមានភាពយន្ដមួយចំនួនទៀតរវាងប្រទេសទាំងពីរ ដែលមានគុណភាពល្អកំពុងរក្សាទុកនៅក្នុងប្រទេសថៃ។
នៅក្នុងនោះដែរ ក៏មានភាពយន្ដល្បីរន្ធឺ «ស្នេហ៍ឆ្លងវេហា» ជាភាពយន្តដែលបាត់ទៅជាង 47 ឆ្នាំមុន ដែលស្ទើរតែមិនជឿថា នៅតែរក្សាបាននៅគុណភាពល្អទាំងស្រុងនៅក្នុងប្រទេសថៃ ។ ស្នេហ៍ឆ្លងវេហា ឬ รักข้ามขอบฟ้า ជាភាពយន្តដែលផលិតឡើងពីសហផលិតកម្មកម្ពុជានិងថៃ ដែលបាននាំសម្តែងដោយ លោក ជា យុទ្ធថន និងលោកស្រី ឌី សាវ៉េត ( តារាខ្មែរ ) លោក សម្បត្តិ មេថានី និងលោកស្រី អរញ្ញយ៉ា ណាមវង្ស ( តារាថៃ ) សម្តែងរួមគ្នាដោយអមជាមួយបទចម្រៀង ស្នេហ៍ឆ្លងវេហា ដែលច្រៀងដោយ លោកតា ស៊ិនស៊ីសាមុត និង លោកស្រី ឌី សាវ៉េត ខណៈពេលចាក់បញ្ចាំងក្នុងប្រទេសកម្ពុជា ចំណែកប្រទេសថៃអមដោយបទ รักข้ามขอบฟ้า ដែលបកស្រាយដោយលោក សម្បត្តិ និងលោកស្រី អរញ្ញយ៉ា ។
យ៉ាងណាមិញ តាមការបញ្ជាក់របស់សារព័ត៌មានថៃ ឱ្យដឹងផងដែរថា ភាពយន្ដជាសហផលិតកម្មកម្ពុជានិងថៃ បានផលិតនិងសម្ដែងរួមគ្នាជាច្រើនរឿង កំពុងរក្សាបាន និងដាក់បញ្ចាំងនៅក្នុងប្រទេសថៃ ដែលមានដូចជា រឿង ពស់កេងកង , រឿង ខ្យងស័ង្ខ , រឿង ពស់កេងកង ភាគ 2 , រឿង នាងផ្តិលមាស, រឿង នាងសក់ក្រអូប , រឿង ធីតាឃ្លោកទិព្វ …ជាដើម ។ ភាពយន្ដវ័យចំណាស់របស់កម្ពុជាទាំងនេះ មានខ្លះបានបាត់បង់នៅក្នុងភ្លើងសង្គ្រាម ហើយខ្លះទៀតក៏កំពុងស្រាវជ្រាវឯកសារដើម្បីយកមករក្សា និងអភិរក្សទុកឡើងវិញ។ ភាពល្បីល្បាញនៃវប្បធម៌ភាពយន្តខ្មែរនៅលើទឹកដីប្រទេសថៃ នៅខណះដែលកម្ពុជាបានបោះជំហានយ៉ាងវែងទៅមុខលើវិស័យភាពយន្តមុនប្រទេសថៃ។ នេះអាចនិយាយបានថា ប្រទេសថៃ យកភាពយន្តខ្មែរជាគ្រូ សម្រាប់អភិវឌ្ឈភាពយន្តរបស់គេ៕