តារាចម្រៀង​និម្មិត Hatsune Miku រកប្រាក់​​ចំណូល​បាន​រាប់សិប​លាន​ដុល្លារ​អាម៉េរិក​/ឆ្នាំ

Hatsune Miku ដែលជា​តារាចម្រៀង​និម្មិត​លំដាប់​កំពូល​របស់​ពិភពលោក ធ្លាប់​បើកឆាក​ប្រគំ​តន្ត្រី​របស់ Lady Gaga និង​ធ្វើជា​តារា​ម៉ូ​ដែល​ឱ្យ Louis Vuitton រកប្រាក់​ចំណូល​បាន​ជាង 35 លាន​ដុល្លារ​អាម៉េរិក​ជា​រៀងរាល់ឆ្នាំ។

ទំព័រ​បណ្ដាញ​សង្គម​របស់ Hatsune Miku កាលពី​ថ្ងៃទី 17 មីនា 2023 បានប្រកាសថា នាង​នឹង​ប្រារព្ធ​កម្មវិធី​ប្រគំ​តន្ត្រី​តាម​អន​ឡាញ​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំនេះ ក្នុងនោះ​ក៏​នឹងមាន​បទ Imaginary Love Story រួម​នឹង​ផលិតករ​ចម្រៀង​ជនជាតិ​អាម៉េរិក Synthion។

ទំព័រ Asagei អះអាងថា ក្នុង​រយៈពេល 16 ឆ្នាំក្រោយ​ការបង្ហាញ​ខ្លួន Hatsune Miku «នៅតែ​ជា​ក្មេងស្រី​ជំទង់​ដដែល» និង​នៅមាន​ភាព​ទាក់ទាញ​ដូច​ថ្ងៃដំបូង។ មិនមែនជា​តារាចម្រៀង​និម្មិត​ដំបូង​គេ ប៉ុន្តែ Miku គឺជា​ឈ្មោះ​ដែល​លេចធ្លោ​ជាងគេ។ នាង​គឺជា​ផលិតផល​បច្ចេកវិទ្យារ​បស់ Crypton Future Media ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ 2007។ Hatsune Miku ត្រូវបាន​ប្រឌិត​ឡើងជា​ក្មេងស្រី​ជំទង់​អាយុ 16 ឆ្នាំ មាន​កម្ពស់ 1.58 ម៉ែត្រ និង​ទម្ងន់ 42 គីឡូក្រាម ព្រមទាំង​មាន​ភ្នែកមូលៗ និង​មាន​សក់​ពណ៌​ខៀវខ្ចី​វែង​អន្លាយ។ សំឡេង​ច្រៀង​របស់​នាង​ត្រូវបាន​ក្រុមហ៊ុន​អភិវឌ្ឍឡើយ​​ដោយយោង​ទៅតាម​សំឡេង​របស់​តារាចម្រៀង Saki Fujita រួមផ្សំ​ជាមួយនឹង​កម្មវិធី​សំឡេង Vocaldoid។

Hatsune Miku ទទួល​បានការ​សាទរ​យ៉ាងខ្លាំង និង​មាន​វត្តមាន​នៅក្នុង​បណ្ដា​ភាពយន្ត​ជីវ​ច​ល និង​ជួយ​ឱ្យ​ក្រុមហ៊ុន​ផលិត​របស់​លេង​នានា​រកប្រាក់​ចំណូល​បាន​ច្រើនជាង​មុន។ យោងតាម Itmedia គិត​ត្រឹម​ថ្ងៃទី 12 កញ្ញា 2007 Miku រកចំណូលបាន 57.5 លាន​យេន (439,784 ដុល្លារ​អាម៉េរិក) និង​បាន​ក្លាយជា​តារាចម្រៀង​និម្មិត​ដែលមាន​តម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​លើ​លោ​កនា​សម័យ​នោះ។ ចាប់ពី​ខែសីហា 2008 ដល់​ខែមីនា 2012 Hatsune Miku រកបាន​ជាង 10 ពាន់​​លាន (10,000,000,000) យេន (120 លាន​ដុល្លារ​អាម៉េរិក​ ឆ្នាំ​ 2012) នេះ​បើតាម​វិទ្យាស្ថាន​ស្រាវជ្រាវ Nomura។

មកដល់​បច្ចុប្បន្ន តារាចម្រៀង​និម្មិត Hatsune Miku មាន​ចម្រៀង​ជាង 100,000 បទ​នៅក្នុង​ដៃ ក្នុងនោះ​មាន​តាំងពី​ចង្វាក់ ប៉ប់ និង EDM។ល។ Hatsune Miku ធ្វើ​សកម្មភាព​ជាច្រើន​ក្នុង​វិស័យ​សិល្បៈ រួមមាន ច្រៀង​លើ​ឆាក​តន្ត្រី​អន​ឡាញ ច្រៀង​លើ​ឆាក​ផ្ទាល់ លក់​​ថាស​ចម្រៀង និង​ធ្វើ​ជា​តំណាង​ផលិតផល​ជាដើម។ នាង​ក៏​ចូលរួម​ក្នុង​វិស័យ​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​ផងដែរ។

យោងតាម Paper នាង Hatsune Miku មាន​អ្នកគាំទ្រ​រាប់សិប​លាន​នាក់​នៅ​ទូទាំង​ពិភពលោក និង​រក​ចំណូល​បាន​ប្រហែល 35.35 លាន​ដុល្លារ​ជា​រៀងរាល់ឆ្នាំ ស្មើនឹង​ប្រាក់ចំណូល​របស់​កំពូល​តារាចម្រៀង​មួយចំនួន​នៅ​ប្រទេស​ចិន៕

Advertisement