តារា​សម្ដែង​ស្រី​ម៉ាឡេស៊ី​ ដណ្ដើមបាន​ពានរង្វាន់​តួឯក​ស្រី​ឆ្នើម​បំផុត​នៅ Oscar 2023

Michelle Yeoh បាន​ក្លាយជា​តារា​សិល្បៈ​អាស៊ី​ដំបូង​គេ​ដែល​បានឈ្នះ​ពានរង្វាន់​តួឯក​ស្រី​ឆ្នើម​ជាងគេ​នៅក្នុង​ព្រឹត្តិការណ៍ Oscar 2023។

ពិធី​ប្រគល់​ពានរង្វាន់ Oscar លើក​ទី 95 ត្រូវបាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី 13 មីនា (ម៉ោង​នៅ​កម្ពុជា) ក្នុងនោះ ខ្សែភាពយន្ត​រឿង «Everything everywhere all at once» បាន​នាំមុខគេ​ក្នុង​បញ្ជី​ចំណាត់ថ្នាក់ ដោយមាន 11 បេក្ខភាព។

ដោយ​ការសម្ដែង​បាន​យ៉ាង​ល្អ​នៅក្នុង​ខ្សែភាពយន្ត​ខាងលើ Michelle Yeoh ក៏បាន​ក្លាយជា​អ្នកសិល្ប​ដើមកំណើត​អាស៊ី​ដំបូង​គេ​ដែល​បានឈ្នះ​ពានរង្វាន់ Oscar ស្ដីពី​តារា​ស្រី​សម្ដែង​ជា​តួឯក​ឆ្នើម​បំផុត។ Michelle Yeoh បាន​យកឈ្នះ​លើ Cate Blanchett នៅក្នុង​ការដណ្ដើមយក​ពានរង្វាន់​នេះ។

នៅលើ​វេទិកា Michelle Yeoh រំភើប​ខ្លាំង​រហូតដល់​ហូរ​ទឹកភ្នែក ពេល​ទទួល​ពានរង្វាន់ Oscar 2023 ដ៏​មានតម្លៃ​នេះ។ Michelle Yeoh គឺជា​តារា​សម្ដែង​ស្រី​អាស៊ី​ដំបូង​គេ និង​ជា​តារា​សម្ដែង​ស្រី​សញ្ជាតិ​ម៉ាឡេស៊ី​ដំបូង​គេ​ដែល​បាន​ក្លាយជា​បេក្ខភាព​សម្រាប់​តំណែង​តួឯក​ស្រី​ឆ្នើម​ជាងគេ​នៅ Oscar។

អ្នកស្រី Michelle Yeoh

ក្នុង​ខ្សែភាពយន្ត «Everthing everywhere all at once» Michelle Yeoh សម្ដែង​ជា​តួអង្គ​ជនអន្តោប្រវេសន៍​ចិន​មួយរូប​ឈ្មោះ Evelyn Wang ជា​ម្ចាស់​ហាង​បោក​អ៊ុត​សម្លៀកបំពាក់​មួយកន្លែង​ដែល​ជួប​បញ្ហា​ច្រើន​ក្នុង​ជីវភាព។ ក្នុង​រឿងនេះ Ke Huy Quan សម្ដែង​ជា​តួអង្គ​ប្ដី​ដ៏​ល្ងង់​ខ្សោយ​របស់ Evelyn Wang។ ពួកគេ​រួមដៃគ្នា​អនុវត្ត​ភារកិច្ច​សង្គ្រោះ។

អ្នកស្រី Michelle Yeoh ក្នុងពិធីប្រគល់ពានរង្វាន់ Oscar 2023

មុន​នោះ ដោយសារ​សម្ដែង​ជា​តួអង្គ Evelyn Wang តារា​សម្ដែង​ជនជាតិ​ម៉ាឡេស៊ី​ដើមកំណើត​ចិន Michelle Yeoh ក៏បាន​ឈ្នះ​ពានរង្វាន់​តារា​សម្ដែង​ស្រី​ឆ្នើម​បំផុត​នៅក្នុង​ពិធី​ប្រគល់​ពានរង្វាន់​របស់​សមាគម​តារាភាពយន្ត​អាម៉េរិក (SAG Awards) លើក​ទី 29 ផងដែរ។

អ្នកស្រី Michelle Yeoh សម្ដែង​ជា​តួអង្គ Evelyn Wang ក្នុង​​ភាពយន្ត​រឿង «Everthing everywhere all at once»

Michelle Yeoh កើត​ឆ្នាំ 1962 បាន​ឈាន​ជើង​ចូលក្នុង​វិស័យ​សិល្បៈ បន្ទាប់ពី​បាន​គ្រង​មកុដ​បវរ​កញ្ញាឯក​ម៉ាឡេស៊ី​ឆ្នាំ 1983។ អ្នកស្រី​ធ្លាប់​ចូលរួម​សម្ដែង​ក្នុង​ខ្សែភាពយន្តល្បីៗរាប់សិប​រឿង មាន​ជាអាទិ៍ Police Story 3: Supercop, Holy Weapon, Yes, Madam ។ល។ អ្នកស្រី Michelle Yeoh ក៏​នឹងមាន​វត្តមាន​នៅក្នុង​រឿង Avatar 3, Avatar 4, Avatar 5។ល។

Michelle Yeoh ក្នុង​រឿង «Tomorrow never dies»

Michelle Yeoh ចាប់ផ្ដើម​ល្បីឈ្មោះ​នៅ​សហរដ្ឋ​អាម៉េរិក បន្ទាប់ពី​បាន​សម្ដែង​ជា​តួអង្គ «Bond girl» ជា​គូ​នឹង James Bond របស់ Pierce Brosnan ក្នុង​រឿង «Tomorrow never dies» កាលពី​ឆ្នាំ 1997។ ខ្សែភាពយន្ត​បន្តបន្ទាប់​មកទៀត​ក៏បាន​ជួយ​ឱ្យ Michelle Yeoh ល្បីឈ្មោះ​ទូទាំង​ពិភពលោក។ អ្នកស្រី​ទទួលបាន​ការគាំទ្រ​ច្រើន​ក៏​ព្រោះតែ​សមត្ថភាព​ក្នុងការ​ប្រើប្រាស់​ក្បាច់គុន៕

Advertisement