សហរដ្ឋអាមេរិក៖ តារាចម្រៀងស្រី នាង Britney Spears ចង់ឱ្យតុលាការបើកការស៊ើបអង្កេតលើឪពុករបស់ខ្លួនគឺ លោក Jamie Spears ដោយចោទថា បានរំលោភសិទ្ធិអាណាព្យាបាលក្នុងរយៈពេល 13 ឆ្នាំកន្លង។
នៅក្នុងសវនាការកាលពីថ្ងៃទី 14 ខែកក្កដា នៅ Los Angeles តារាចម្រៀង Britney Spears បន្តរិះគន់លើលោក Jamie Spears ៖ «ថ្ងៃនេះ ខ្ញុំស្នើឱ្យមានការស៊ើបអង្កេតលើឪពុកខ្ញុំ អំពីបទរំលោភសិទ្ធិអាណាព្យាបាល»។ នាងថែមទាំងបានរៀបរាប់នូវទង្វើអាក្រក់ ដែលលោក Jamie ប្រើប្រាស់ក្នុងការគ្រប់គ្រងនាង។ សូម្បីតែកាហ្វេ ក៏នាងមិនមានសិទ្ធិផឹក។ «បើមិនមែនជាការធ្វើបាប នោះខ្ញុំមិនច្បាស់ថា វាជាអ្វីដែរ» Britney រៀបរាប់តាមទូរស័ព្ទដូច្នេះ។
Britney អះអាងថា ខ្លួនពិតជាខ្លាចឪពុក និងបានរិះគន់ទៅលើសិទ្ធិអាណាព្យាបាល ដែលបានអនុញ្ញាតឱ្យឪពុកនាង បំផ្លាញជីវិតរបស់នាង។ តារាចម្រៀងល្បីឈ្មោះរូបនេះ បាននិយាយថា នាងត្រូវឪពុកគ្រប់គ្រងទាំងម៉ោងធ្វើការ ដោយបង្ខំឱ្យចំណាយ 70 ម៉ោង/សប្ដាហ៍ សម្រាប់ការងារ។
ក្នុងសវនាការ ចៅក្រមបានយល់ព្រមលើសំណើរបស់ Britney ដោយតែងតាំងមេធាវីថ្មី ឈ្មោះ Mathew Rosengart បន្ទាប់ពីលោក Samuel Ingham III បានលាលែងពីតំណែង។ នេះគឺជាលើកដំបូងហើយ ដែល Britney មានសិទ្ធិជ្រើសរើសអ្នកតំណាងរបស់ខ្លួន នៅចំពោះមុខតុលាការ ក្នុងរយៈពេល 13 ឆ្នាំកន្លង។ មុននេះ តុលាការបានតែងតាំងលោក Ingham ជាមេធាវីរបស់នាង ចាប់ពីឆ្នាំ 2008 ដល់បច្ចុប្បន្ន។ ការផ្លាស់ប្ដូរនេះ កើតឡើងដោយសារលិខិតរបស់ Jodi Montgomery (ដែលជាអ្នកកាន់តួនាទីជាសហអាណាព្យាបាលជាមួយនឹងឪពុករបស់ Britney) ដែលបានស្នើតុលាការ ផ្ដល់សិទ្ធិជ្រើសរើសមេធាវី ដល់ Britney។
លោក Jamie Spears មានតួនាទីជាអាណាព្យាបាលរបស់ Britney Spears តាំងពីឆ្នាំ 2008 បន្ទាប់ពីតារាចម្រៀងរូបនេះ មានសតិមិនប្រក្រតី។ លោក Jamie Spears ទទួលបានប្រាក់ប្រហែល 130,000 ដុល្លារ ជារៀងរាល់ឆ្នាំ ពីការងារជាអាណាព្យាបាល។ ច្រើនឆ្នាំកន្លងទៅនេះ Britney បានស្នើជាបន្តបន្ទាប់ ដើម្បីឱ្យតុលាការលុបចោលសិទ្ធិអាណាព្យាបាលពីឪពុក ប៉ុន្តែ មិនបានជោគជ័យ។ នៅក្នុងវ័យ 40 ឆ្នាំ Britney មិនមានសិទ្ធិបោះឆ្នោត ឬជួបកូនៗដោយសេរីនោះឡើយ។ នាងថែមទាំង ត្រូវគេគ្រប់គ្រងហិរញ្ញវត្ថុ និងការសម្ពាស។ល។
ប្រភព៖ People
ប្រែសម្រួល៖ បុត្រា