អ្នក​វិទ្យា​សាស្ត្រ​យក​សក់​មនុស្ស​មក​ធ្វើ​ជា​អេក្រង់​ OLED ប្រភេទ​ថ្មី​ (មានវីដេអូ)

អ្នក​វិទ្យា​សាស្ត្រ​យក​សក់​មនុស្ស​មក​ធ្វើ​ជា​អេក្រង់​ OLED ប្រភេទ​ថ្មី​
លោក​ Prashant Sonar ដែល​ជា​សមាជិក​សំខាន់​ម្នាក់របស់​ក្រុម​អ្នក​វិទ្យា​សាស្ត្

ក្រុម​អ្នក​វិទ្យា​សាស្ត្រ​នៅ​ឯសាកល​វិទ្យា​ល័យ​បច្ចេក​វិទ្យា​ Queensland (QUT) បាន​ពិសោធ​រក​ប្រភព​ធន​ធាន​ថ្មី​​ ចម្លែក​ ដើម្បី​ប្រើ​ប្រាស់​ជា​ផលិត​ផល​បច្ចេក​វិទ្យា​។ ពួកគេ​បាន​រកឃើញ​ថា សក់​របស់​មនុស្ស​ដែល​បាន​មក​ពី​ហាង​កាត់​សក់​នានា​ អាច​យក​មក​ច្នៃ​ជា​អេក្រង់​​​ OLED ប្រភេទ​សរី​រាង្គ​បាន​។

សក់​គឺជា​ប្រភព​នៃ​កាបូន​ និង​​អាសូត​សរីរាង្គ​ដ៏​ល្អ​ ដែលមាន​ប្រយោជន៍​ក្នុង​ការ​បង្កើត​បាន​ជា​គ្រាប់​ល្អិត​បញ្ចេញ​ពន្លឺ​។ សក់​ត្រូវ​បាន​អ្នក​វិទ្យា​សាស្ត្រ​ដុត​​ដោយ​ប្រើ​កម្ដៅ​240​អង្សាសេ​ដើម្បី​បង្កើត​ជា​វត្ថុ​ធាតុ​មួយ​ដែល​មាន​ផ្ទុក​សារ​ធាតុ​កាបូន​និង​អាសូត​។ បន្ទាប់​មក​ វត្ថុ​ធាតុ​នេះ​ត្រូវ​បាន​ច្នៃ​ឱ្យ​ទៅ​ជា​គ្រាប់​​មហា​ល្អិត​ណាណូ​កាបូន (carbon nano​dots) ដែល​មាន​ទំហំ​តូច​ជាង​10ណាណូម៉ែត្រ​ (nanometer)។ សក់​មនុស្ស​1សរសៃ​មាន​ទំហំ​ស្មើ​នឹង​ 75,000​ណាណូម៉ែត្រ។

ក្រោយ​​មក​ គ្រាប់​ណាណូ (nanodots) ទាំង​នេះ​ត្រូវ​បាន​បែង​ជា​ចំណែក​តាម​រយៈ​ការ​ប្រើ​សារ​ធាតុ​ polymer ដើម្បី​​ឱ្យ​ពួក​វា​តភ្ជាប់​ជាមួយ​គ្នា​ ក្នុង​បំណង​បង្កើត​បាន​ជា​វត្ថុ​ធាតុ​មួយ​ដែល​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ហៅ​ថា “កោះ​ណាណូ” (nano island)​។ នេះ​គឺជា​វត្ថុ​ធាតុ​ដែល​អាច​យក​ទៅ​ធ្វើ​ជា​ស្រទាប់​សកម្ម​នៅក្នុង​ឧបករណ៍អេក្រង់​ OLED។

អ្នក​វិទ្យា​សាស្ត្រ​យក​សក់​មនុស្ស​មក​ធ្វើ​ជា​អេក្រង់​ OLED ប្រភេទ​ថ្មី​
សក់​មនុស្ស​1សរសៃ​មាន​ទំហំ​ស្មើ​នឹង​ 75,000​ណាណូម៉ែត្រ។

នៅ​ពេល​ដែល​ចរន្ត​អគ្គិសនី​តូច​មួយ​ត្រូវ​បាន​បញ្ជូន​ឆ្លង​កាត់​ បណ្ដា​ណាណូ​ដត​ទាំង​នេះ​នឹង​បញ្ចេញ​ពន្លឺ​ពណ៌​ខៀវ។​ ថ្វី​បើ​វា​មិន​ភ្លឺ​ពេក​ ប៉ុន្តែ​វា​នៅ​តែ​មាន​ប្រយោជន៍​សម្រាប់​ផលិត​អេក្រង់​ខ្នាត​តូច​ ដូច​ជា​ឧបករណ៍​ពាក់​នៅ​លើ​រាង​កាយ​មនុស្ស​ជា​ច្រើន​។

Prashant Sonar ដែល​ជា​សមាជិក​សំខាន់​ម្នាក់របស់​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ខាង​លើ​បាន​ឱ្យ​ដឹង​ថា៖ “បណ្ដា​ឧបករណ៍​បញ្ចេញ​ពន្លឺ​តាម​បែប​សរីរាង្គ​​ដែល​មាន​ប្រភព​ពី​កាបូន​ (ដូច​ជា​សក់) អាច​ត្រូវ​បាន​ប្រើ​ជា​ឧបករណ៍​ក្នុង​ផ្ទះ​ ដូច​ជា​​ប្រអប់​ឆ្លាត​វៃ​ជា​ដើម​។ ពួក​វា​ក៏​អាច​ត្រូវ​បាន​ប្រើ​ប្រាស់​ពេល​គេ​ត្រូវ​ការ​ប្រភព​ពន្លឺ​​ស្រាលៗ​​ដូច​ជា​នៅ​លើ​បន្ទះ​ក្ដារ​ជូន​ដំណឹង​។ល។ ក្រៅ​ពី​នេះ ដោយ​សារ​តែ​​មិន​ប៉ះពាល់​ដល់​សុខ​ភាព​ វា​ក៏​អាច​ត្រូវ​បាន​ប្រើ​នៅ​ក្នុង​វិស័យ​វេជ្ជ​សាស្ត្រ​ផងដែរ”​។

អ្នក​វិទ្យា​សាស្ត្រ​យក​សក់​មនុស្ស​មក​ធ្វើ​ជា​អេក្រង់​ OLED ប្រភេទ​ថ្មី​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ខាងលើ​បាន​បញ្ជាក់​ថា ក្នុង​អនាគត​ដ៏ខ្លី​ខាងមុខ រោម​សត្វ​ ដូច​ជា​ចៀម​ និង​សត្វ​ចិញ្ចឹម​ផ្សេង​ទៀត​ ក៏​នឹង​ត្រូវ​បាន​យក​មក​ធ្វើ​ជា​ឧបករណ៍​បច្ចេក​វិទ្យា​ដូច​គ្នា​នេះ​ដែរ​។

លទ្ធផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​ខាង​លើ​ ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​លើ​ទំព័រ​ទស្សនាវដ្ដី Advanced Materials៕

ប្រភព៖ New Atlas

Advertisement