ឆាប់អាប់ឌែត ប្រយ័ត្នមេរោគ! បើប្រើកម្មវិធី Messenger ជាមួយកុំព្យូទ័រ Windows យូរជាង 2ខែ

ភាព​ចន្លោះប្រហោង​របស់​កម្មវិធី Messenger សម្រាប់ Windows អាចឱ្យ​ជនអនាមិក​វាយប្រហារ​កុំព្យូទ័រ​ជាមួយ​មេរោគ malware កម្មវិធី Messenger ដែលជា​កម្មវិធី​ផ្ញើ​សារ ដែលមាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង និង​មាន​អ្នកប្រើប្រាស់​ប្រមាណ ១.៣ពាន់​លាន​នាក់​ជុំវិញ​ពិភពលោក​នោះ ត្រូវបាន​ក្រុម​អ្នកស្រាវជ្រាវ​រកឃើញ​នូវ ភាព​ចន្លោះប្រហោងខ្លះៗរបស់​កម្មវិធី​នេះ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ Windows ដែល​អាចឱ្យ​ជនអនាមិក​ងាយស្រួល​ក្នុងការ​វាយប្រហារ​ជាមួយ​មេរោគ malware។ នេះ​បើតាម​ការផ្សព្វផ្សាយ​រប​ស់ Reason Labs។

កំហុសឆ្គង​នេះ ត្រូវបាន​គេ​រកឃើញ​នៅក្នុង​កម្មវិធី Messenger ជំនាន់ 460.16 ដែល​កើតឡើង​នៅពេល​កម្មវិធី​នេះ​ធ្វើការ​ទាក់ទង​ជាមួយ Windows Powershell ទៅក្នុង Python directory។ ដូច្នេះ​ប្រសិនបើ​លោកអ្នក​ពុំដែល​បញ្ចូល​កម្មវិធី Python កុំព្យូទ័រ​លោកអ្នក​នឹង​ពុំមាន directory នេះ​ទេ។

អ្វីដែល​គួរឱ្យ​ព្រួយបារម្ភ​ជាមួយ​ការវាយប្រហារ​នេះ​គឺ ជនអនាមិក​អាច​បន្ត​ការវាយលុក​បានយូរ ដោយសារ​ការ​ជ្រៀតចូល​នេះ​ទាក់ទង​នឹង directory មិនសូវ​សំខាន់​ដែល​មិន​ទាមទារ​ឱ្យ​បញ្ចូល​លេខ​សម្ងាត់​របស់​អ្នកគ្រប់គ្រង​កុំព្យូទ័រ​នោះទេ។

Reason Labs បាន​ជូនដំណឹង​ទៅ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ទាក់ទង​នឹង​កំហុសឆ្គង​នេះ​កាលពី​ខែមេសា​កន្លងទៅ ហើយ​ក្រុមហ៊ុន​ក៏បាន​ធ្វើការ​កែសម្រួល​រួចហើយ​ដែរ។ ជាងនេះទៅទៀត Reason Labs ក៏បាន​ធ្វើការ​សាកល្បង​ជាថ្មី​ជាមួយ Messenger ជំនាន់ 480.5 ហើយ​បាន​បញ្ជាក់ថា ពុំ​ឃើញ​មាន​កំហុសឆ្គង​នេះ​ទៀត​ទេ។

ដូច្នេះ ប្រសិនបើ​បងប្អូន​ប្រើ​កម្មវិធី Messenger ជាមួយ​កុំព្យូទ័រ Windows ហើយ​ពុំ​បានធ្វើ​បច្ចុប្បន្នភាព ក្នុង​រយៈពេល​ប្រមាណ 2ខែ​ចុង​ក្រោយនេះ លោកអ្នក​គួរ​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​តា​មរយៈ Microsoft store ដើម្បី​ចៀសវាង​ពី​ការវាយប្រហារ​នេះ៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department

Advertisement