នាវាមុជទឹកលេខ1 របស់ចិន មុជចូលជម្រៅទឹក 10,000ម៉ែត្រដោយជោគជ័យ

Hadal លេខ1 របស់​ប្រទេស​ចិន ត្រូវបាន​គេ​ដឹងថា បាន​សាកល្បង​ដោយ​ជោគជ័យ​ក្នុងការ​មុជ​ចូលក្នុង​ជម្រៅ​ទឹក 10,000ម៉ែត្រ។

កាលពី​ថ្ងៃទី8 ខែមិថុនា កប៉ាល់​សិក្សា​ខាង​វិទ្យាសាស្ត្រ​ឈ្មោះ​ ​Tansuo លេខ1 របស់​ប្រទេស​ចិន​បាន​វិល​ចូល​កំពង់ផែ​វិញ​ដោយ​សុវត្ថិភាព បន្ទាប់ពី​បញ្ចប់​ភារកិច្ច​សិក្សា​ស្រាវជ្រាវ​ខាង​វិទ្យាសាស្ត្រ​នៅ​អន្លង់​សមុទ្រ​ជ្រៅ Mariana រួចមក។

ក្នុង​ដំណើរ​សាកល្បង​លើក​នេះ នាវាមុជទឹក​ឈ្មោះ ​Hadal ដែល​ស្រាវជ្រាវ និង​ផលិត​ដោយ​មន្ទីរ​ស្វយ័ត​កម្ម ក្រុង​សឹ​ន​យ៉ាង នៃ​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ចិន ដែល​អាច​បញ្ជា​ដោយ​ស្វយ័ត​ពី​ចម្ងាយ បានបញ្ចប់​ភារកិច្ច​សាកល្បង​មុជ​ចូលក្នុង​ជម្រៅ​ទឹក 10,000ម៉ែត្រ​ជា​លើកដំបូង​ដោយ​ជោគជ័យ ដែល​នេះ​ជា​សមិទ្ធផល​ថ្មី​ដ៏​សំខាន់ និង​បាន​បំពេញ​ចន្លោះ​ខ្វះខាត​របស់​ប្រទេស​ចិន ខាង​នាវាមុជទឹក​គ្មាន​មនុស្ស​បើក ដែល​អាច​មុជ​ចូលទៅក្នុង​ទឹក​ក្នុង​ជម្រៅ​ជាង 10,000ម៉ែត្រ។

ការស្រាវជ្រាវ និង​ផលិត​នាវាមុជទឹក Hadal លេខ1 នេះ ជា​សញ្ញា​កត់សម្គាល់​មួយ​ថា បច្ចេកវិទ្យា​នាវាមុជទឹក​គ្មាន​មនុស្ស​បើក​របស់​ប្រទេស​ចិន បាន​វិ​វ​ឌ្ឍ​ចូលដល់​ដំណាក់កាល​ថ្មី​ដែល​អាច​ស្ទង់​ពិនិត្យ​ដោយ​គ្របដណ្តប់​លើ​ជម្រៅ​ទឹកសមុទ្រ​ទាំងអស់៕

ប្រភព៖ វិទ្យុ​មិត្តភាព​កម្ពុជា-ចិន

Advertisement