Elon Musk ផលិត​យាន​អវកាស​ដឹក​មនុស្ស​ម្ដង​100​នាក់​ឡើង​ទៅ​កាន់​ពិភព​ព្រះអង្គារ​

Elon Musk ផលិត​យាន​អវកាស​ដឹក​មនុស្ស​ម្ដង​100​នាក់​ឡើង​ទៅ​កាន់​ពិភព​ព្រះអង្គារ​

មហាសេដ្ឋី​ Elon Musk បាន​ដាក់​គោល​ដៅ​នាំ​មនុស្ស​ឡើង​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ​ និង​ផ្កាយ​ព្រះ​អង្គារ​ដោយ​ប្រើ​ប្រាស់​កាំជ្រួច​យាន​អវកាស​ Starship ដែល​អាច​ប្រើ​ឡើង​វិញ​ទាំង​ស្រុង​ជា​ច្រើន​ដង​។

នៅក្នុង​សារ​​មួយ​ច្បាប់​​ដែល​ត្រូវ​បាន​ផ្ញើ​ទៅ​កាន់​បុគ្គលិក​ទាំង​អស់​របស់​ក្រុម​ហ៊ុន​ SpaceX កាល​ពី​ថ្ងៃទី​6​មិថុនា​កន្លង​ទៅ ប្រធាន​ក្រុម​ហ៊ុន​ SpaceX លោក​ Elon Musk បាន​ស្នើ​ឱ្យ​បុគ្គលិកពាក់​ព័ន្ធ​​របស់​លោក​ ពន្លឿន​ការ​អភិវឌ្ឍ​កាំជ្រួច​រុញ​ច្រាន​ជំនាន់​ថ្មី​ Starship។ “លោក​អ្នក​សូមមេត្តា​​ផ្ដល់​អាទិភាព​លំដាប់​កំពូល​របស់​ SpaceX ដល់​ Starship”។ មហា​សេដ្ឋី​ Elon Musk ​សរសេរ​បែប​នេះ​។

មហាសេដ្ឋី​ Elon Musk

ក្រុម​ហ៊ុន​ SpaceX បាន​ទទួល​ជោគ​ជ័យ​ក្នុងបេសក​កម្ម​ជាប្រវត្តិសាស្ត​ក្នុង​ការ​បញ្ជូន​អ្នកអវកាស​របស់ NASA ឡើង​ទៅ​កាន់​ទី​អវកាស​កាល​ពី​ថ្ងៃទី​30​ឧសភា​។ កាំជ្រួច​ Falcon 9 និង​យាន​អវកាស​ Crew Dragon ដែល​បាន​ដឹក​អវកាស​ចរ​របស់​ទីភ្នាក់​ងារ​អវកាស​អាមេរិក​ (NASA) ឡើង​ទៅកាន់​ស្ថានីយ​អវកាស​អន្តរ​ជាតិ​ (ISS) នឹង​បញ្ជូន​ពួក​គេ​ត្រលប់​មក​ផែន​ដី​វិញ​​ក្នុង​រយៈ​ពេល​ជា​ច្រើន​ខែ​ខាង​មុខ​។

ទិដ្ឋ​ភាព​បាញ់​បង្ហោះ​កាំជ្រួច​រុញ​ច្រាន​ Falcon 9 របស់​ក្រុម​ហ៊ុន​ SpaceX

កាំជ្រួច​ Falcon 9 គឺជា​មធ្យោ​បាយ​ស្នូល​របស់​ក្រុម​ហ៊ុន​ SpaceX ដោយ​បាន​ធ្វើ​ការ​ហោះ​ហើរ​ចំនួន​85​លើក​នៅ​ក្នុង​ទសវត្សរ៍​កន្លង​។ ប៉ុន្តែ Starship វិញ​ គឺជា​តំណាង​នៃ​មហិច្ឆតា​​ធំធេង​និង​វែង​ឆ្ងាយ​ជាង​ Falcon 9 ទៅ​ទៀត​។ Falcon 9 គឺជា​កាំជ្រួច​រុញ​ច្រាន​ដែលមួយ​ផ្នែក​របស់​វា​​ត្រូវ​បាន​ប្រើ​ប្រាស់​ឡើង​វិញ​​ ដោយ​ក្រុម​ហ៊ុន SpaceX តែង​អនុញ្ញាត​ឱ្យ​ក្បាល​រុញ​ច្រាន​របស់​កាំជ្រួច​ចុះ​ចតនៅ​លើ​ផែន​ដី​ រួច​ដោះ​យក​ក្បាល​ផ្នែក​ខាង​ដើម​របស់​វា​។ គោល​ដៅ​របស់​លោក​ Musk គឺ​ការ​ធ្វើ​ឱ្យ​ Starship ក្លាយ​ជា​កាំជ្រួច​ដែល​អាច​ប្រើ​ប្រាស់​ឡើង​វិញ​បាន​ទាំង​ស្រុង​ ដែល​វា​ជិត​ដូច​ទៅ​នឹង​យន្ត​ហោះ​ពាណិជ្ជកម្ម​នាបច្ចុប្បន្ន។

Elon Musk ផលិត​យាន​អវកាស​ដឹក​មនុស្ស​ម្ដង​100​នាក់​ឡើង​ទៅ​កាន់​ពិភព​ព្រះអង្គារ​កាល​ពី​ឆ្នាំ​ទៅ​ លោក Musk បានឧទ្ទេសនាម​យាន​អវកាស​ Starship ដែល​ច្នៃ​ពី​ដែក​អ៊ី​ណុក​ ជាមួយ​នឹង​ទំហំ​ធំជាង​ឆ្ងាយ​បើ​ធៀប​នឹង​យាន​អវកាស​ Dragon។ ក្រុម​ហ៊ុន​ SpaceX អភិវឌ្ឍ​​​ Starship ក្នុង​គោល​បំណង​បញ្ជូន​អវកាស​ចរ​ម្ដង​100​នាក់​ឡើង​ទៅកាន់​ឋាន​ព្រះ​ចន្ទ និង​ពិភព​ព្រះ​អង្គារ​។ ក៏ប៉ុន្តែ កម្មវិធី​ Starship របស់​ SpaceX នៅ​ Boca Chica ក្នុង​រដ្ឋ​ Texas បាន​ទទួល​បរាជ័យ​ចំនួន​4​លើក​មក​ហើយ​ក្នុង​អំឡុង​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​។ បើទោះ​ជា​ក្រុម​ហ៊ុ​ន​តែង​តែ​ធ្វើ​ការ​អភិវឌ្ឍ​និង​កែ​ប្រែចំណុច​អវិជ្ជ​មាន​ជា​រៀង​រាល់​​​លើក​ ក្រោយ​ពី​ការ​សាក​ល្បង​ម្ដង​ៗ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី កំណែ​ថ្មី​បំផុត​ដែល​ទើប​ត្រូវ​បាន​សាកល្បង​កាល​ពី​ថ្ងៃទី​29​ឧសភា​​ក៏​បាន​ទទួល​បរាជ័យ​ ដោយ​សារ​វា​បាន​ផ្ទុះ​នៅ​ពេល​កំពុង​សាក​ល្បង​ម៉ាស៊ីន​រ៉ុកកែត​​៕

ប្រភព​៖ CNBC

Advertisement