Apple និង Amazon រួម​នឹង​ក្រុម​ហ៊ុន​ធំៗ​ បញ្ចេញ​សកម្ម​ភាព​អ្វី​ខ្លះ​ក្នុង​គ្រា​មាន​បាតុកម្ម​ច្រើន​បែប​នេះ​?

Apple និង Amazon រួម​នឹង​ក្រុម​ហ៊ុន​ធំៗ​ បញ្ចេញ​សកម្ម​ភាព​អ្វី​ខ្លះ​ក្នុង​គ្រា​មាន​បាតុកម្ម​ច្រើន​បែប​នេះ​?

បាតុកម្ម​ជាច្រើន​ និង​ជា​បន្ត​បន្ទាប់​​ដែល​ត្រូវ​បាន​បង្កើត​ឡើង​​ក្រោយ​ពីការ​ស្លាប់​របស់​បុរស​ស្បែក​ខ្មៅ​​ម្នាក់​ឈ្មោះ Floyd បាន​រីក​រាល​ដាល​​ទូទាំង​សហរដ្ឋអាមេរិក​​ ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​ធំៗ​ ដូចជា​ Apple, Amazon និង​ Target ជា​ដើម​ ត្រូវ​បញ្ចេញ​មតិ។
ក្រុម​ហ៊ុន Amazon បាន​បង្ហោះ​សារ​នៅ​លើ Twitter អំពី “សង្គ្រាម​ប្រឆាំង​នឹង​ការ​រើស​អើង​ពូជ​សាសន៍​ និង​អយុត្តិ​ធម៌​” ប៉ុន្តែ មិនទាន់​​បាន​ប្រកាស​ឱ្យ​ដឹង​អំពី​គម្រោង​ ឬ​វិធី​ដែល​ក្រុម​ហ៊ុន​នេះ​នឹង​លើក​យក​មក​ប្រើ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​នៅ​ឡើយ​។

លោក Evan Spiegel ដែល​ជា​ CEO របស់​ក្រុម​ហុ៊ន Snap

CEO របស់​ក្រុម​ហុ៊ន Snap លោក Evan Spiegel បាន​អំពាវ​នាវ​ឱ្យ​បង្កើត​គណៈ​កម្មធិការ​ទាម​ទារ​សំណង​មួយ​នៅ​សហរដ្ឋ​អាមេរិក​ដើម្បី​ទប់​ទល់​នឹង​ការ​រើស​អើង​ពូជ​សាសន៍​។ លោក​ Evan ក៏បាន​សង្កត់​ធ្ងន់​ថា ក្រុមហ៊ុន​ Snap នឹង​បរិច្ចាគប្រាក់​ដើម្បី​ជួយ​ដល់​អង្គ​ការ​នានា​ដែល​ធ្វើ​សកម្ម​ភាព​លើក​កម្ពស់​​យុត្តិ​ធម៌​ និង​ភាព​ស្នើ​គ្នា​ផងដែ​រ។

CEO របស់​ក្រុម​ហ៊ុន Target

ចំពោះ​ CEO របស់​ក្រុម​ហ៊ុន Target គឺ​លោក Brian Cornell​ វិញ បាន​ប្រកាស​ថា នឹង​ផ្ដល់​ជំនួយ​មនុស្ស​ធម៌​ រួម​មាន​ជា​អាហារ​ និង​របស់​របរ​ចាំបាច់​ដល់​សាធារណ​ជន​។ ទន្ទឹម​នឹង​នេះ​ ក្រុម​ហ៊ុន​ Target ក៏នឹង​បន្ត​ផ្ដល់​ប្រាក់​ខែ​ចំនួន​2​ខែ​បន្ថែម​ទៀត​ដល់​បណ្ដា​បុគ្គលិក​នៅ​ហាងរបស់​ខ្លួន​​ដែល​​ត្រូវ​បាន​បិទ​ទ្វារ​។​ ​ក្រុម​ហ៊ុន Target ក៏​បាន​ចុះ​កិច្ច​សន្យា​​នៅ​ក្នុង​សំបុត្រ​ដែល​ទទួល​បាន​ពី​អង្គ​ការ​ Children’s Minnesota ថា​ នឹង​ចូល​រួម​ដោះ​ស្រាយ​បញ្ហា​រើស​អើង​ពូជ​សាសន៍​ជាមួយ​នឹង​អង្គ​ការ​នេះ​។

CEO របស់​ Starbucks លោក Kevin Johnson

ក្រុម​ហ៊ុន​ Starbucks ក៏បាន​ជជែក​ជាមួយ​ដៃ​គូ​របស់​ខ្លួន​អំពី​ការ​រើស​អើង​ពូជ​សាសន៍​។ CEO របស់​ Starbucks លោក Kevin Johnson សង្កត់​ធ្ងន់​ថា “សន្យា​របស់​យើង​ជាមួយ​នឹង​ដៃ​គូ គឺ​ការ​បំពេញ​បេសក​កម្ម​ និង​តម្លៃ​របស់​យើង​ជារៀង​រាល់​ថ្ងៃ”។

​លោក Mark Zuckerberg

CEO របស់​ក្រុម​ហ៊ុន Facebook គឺ​លោក Mark Zuckerberg ក៏​បាន​សន្យា​ថា​នឹង​​ផ្ដល់​ជំនួយ​10​ដុល្លារ​ដើម្បី​ទប់ស្កាត់​គ្រោះ​រើស​អើង​ពូជ​សាសន៍​។ លោក Zuckerberg ថ្លែង​ថា “ព្រឹត្តិការណ៍​ដ៏ឈឺ​ចាប់​កាល​ពី​សប្ដាហ៍​មុន​បាន​រំឭក​យើង​ថា ប្រទេស​ជាតិ​យើង​​ត្រូវ​ការ​ពេល​វេលា​យូរ​ដើម្បី​ឱ្យ​បុគ្គល​នីមួយ​ៗ​ទទួលបាន​សេរី​ភាព​​ជាមួយ​នឹង​ភាព​ជា​មនុស្ស​ និង​សន្តិភាព​”។ ប៉ុន្តែ Mark Zuckerberg នៅ​តែ​ត្រូវ​បាន​គេ​រិះ​គន់​ ដោយ​សារ​តែ​មិន​បាន​ធ្វើ​​​សកម្ម​ភាព​អ្វី​សោះ​ចំពោះ​សារ​របស់​លោក​ Trump ដែល​ហាក់​ដូច​ជា​គំរាម​ប្រើ​កម្លាំង​ទ័ព​មក​លើ​ក្រុម​បាតុករ។

ចំណែក​ក្រុម​ហ៊ុន The Walt Disney បាន​ប្រកាស​នៅ​លើ​ Twitter ថា “យើង​ប្រឆាំង​ចំពោះ​អំពើ​ប្រកាន់​ពូជ​សាសន៍​។​យើង​គាំទ្រ​​ការ​បង្រួប​បង្រួម​។ យើង​នៅ​ជាមួយ​បុគ្គលិក​ស្បែក​ខ្មៅ​ និង​សហគមន៍​អ្នក​មាន​សម្បុរ​ស្បែក​ខ្មៅ​ទាំង​អស់​។ យើង​ត្រូវ​តែ​សាមគ្គី​ និង​បញ្ចេញមតិ​”។

​រី​ឯ​ក្រុម​ហ៊ុន TokTok វិញ បាន​ធ្វើ​ការ​សុំ​ទោស​ចំពោះhashtag “#BlackLivesMatter” និង “#GeorgeFloyd” ដែល​បាន​បង្ហាញ​ចំនួន​អ្នក​មើល​ស្មើ​ “0” ខណៈ​ដែល​ការ​ពិត​ វា​មាន​ដល់​ទៅ​រាប់​ពាន់​លាន​នាក់​ចូល​មើល​។ ក្រុម​ហ៊ុន​នេះ​បាន​បក​ស្រាយ​ថា នេះ​ជា​កំហុស​បច្ចេក​ទេស​។ TikTok បាន​សន្យា​ថា​នឹង​បរិច្ចាគ 3លាន​ដុល្លារ​សម្រាប់​មូលនិធី​ដើម្បី​សហគមន៍​ និង​1លាន​ដុល្លារ​ផ្សេង​ទៀត​សម្រាប់​កម្មវិធី​ទប់​ស្កាត់​ការ​រើស​អើង​ពូជ​សាសន៍​ និង​បញ្ហា​អយុត្តិ​ធម៌​សង្គម​។

លោក Tim Cook

CEO របស់​ក្រុម​ហ៊ុន Apple គឺ​លោក Tim Cook បាន​ដក​ស្រង់​សម្ដី​របស់ Martin Luther King Jr. ៖ “សន្តិភាព​អវិជ្ជ​មាន​ដែល​បង្កប់​ដោយ​ជម្លោះ​នឹង​មិន​អាច​មក​ជំនួស​សន្តិ​ភាព​វិជ្ជមាន​បាន​ទេ ដោយ​មាន​វត្តមាន​របស់​យុត្តិធម៌”។ New York Times បាន​ឱ្យ​ដឹង​ថា នៅក្នុង​កំណត់​ហេតុ​មួយ​ផ្ញើ​ជូន​បុគ្គលិក​ Apple លោក Tim Cook បាន​សន្យា​ថា​នឹង​បរិច្ចាគ​​ប្រាក់​ជំនួយ​ទៅ​ឱ្យ​បណ្ដា​អង្គ​ការ​មិន​ស្វែង​រក​កម្រៃផងដែរ​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​អយុត្តិ​ធម៌​សង្គម​៕

ប្រភព៖​ សារ​ព័ត៌មានប​រទេស

Advertisement