ជប៉ុននឹង​បាញ់​បញ្ជូន​អគ្គិសនី​ពី​អវកាស​មក​កាន់​ផែនដី

តាម​ផែនការ​ ជប៉ុន​នឹង​បាញ់​បញ្ជូន​ថាមពល​ព្រះ​អាទិត្យ​ពី​ទីអវកាស​មក​កាន់​ផែនដីនៅ​ឆ្នាំ​ 2025 ក្នុង​ទម្រង់​មីក្រូវ៉េវ។ នេះ​គឺជា​ជំហាន​សំខាន់​ឆ្ពោះ​ទៅ​កាន់​ការ​ស្ថាបនា​រោង​ចក្រ​អគ្គិសនី​ព្រះ​អាទិត្យ​ក្នុង​ទីអវកាស​ ដែល​រួម​ចំណែក​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ឥន្ធនៈ​ហ្វូស៊ីល​ និង​ទប់​ទល់​នឹង​ការ​ប្រែ​ប្រួល​អាកាសធាតុ​។

ផ្កាយ​រណប​សម្រាប់​ធ្វើ​តេស្តរបស់​ជប៉ុន​​នឹង​មាន​ទំហំ​តូច​ ដោយ​មាន​ទម្ងន់​ប្រហែល 180 គីឡូក្រាម​ អាច​បាញ់​បញ្ជូន​អគ្គិសនី​ 1 គីឡូវ៉ាត់​ ពី​កម្ពស់ 400 គីឡូម៉ែត្រ​។ ថាមពល​ដែល​ប្រមូល​បាន​ពី​ព្រះ​អាទិត្យ​តាម​រយៈ​ផ្ទាំង​សូឡា​ នឹង​ត្រូវ​បាន​បំប្លែង​ទៅ​ជា​រលក​មីក្រូវ៉េវ​ មុន​នឹង​ត្រូវ​បាន​បាញ់​បញ្ជូន​មក​កាន់​អង់តែន​នានា​នៅ​លើ​ផែនដី​។

គម្រោង​ខាង​លើ​នេះ​គឺជា​ផ្នែក​មួយ​របស់​កម្មវិធី​ OHISAMA (ដែល​មាន​ន័យ​ថាព្រះអាទិត្យ​ នៅក្នុង​ភាសា​ជប៉ុន​)។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​ជប៉ុន បាន​សាកល្បង​បាញ់​បញ្ជូន​អគ្គិសនី​នៅ​លើ​ផែនដី ហើយ​គ្រោង​នឹង​ធ្វើតេស្ត​ពី​យន្ត​ហោះ​នៅ​ក្នុង​ខែ​ធ្នូ​ខាង​មុខ​។

គំនិត​ស្ដី​ពី​ការ​ផលិត​អគ្គិសនី​ពី​ថាមពល​ព្រះ​អាទិត្យ​នៅ​ក្នុង​ទីអវកាស​ ត្រូវ​បាន​លើក​ឡើង​ជា​លើក​ដំបូង​កាល​ពី​ឆ្នាំ 1968​។ ចំណុច​វិជ្ជមាន​របស់​បច្ចេក​វិទ្យា​នេះ​គឺ​អាច​ផ្គត់​ផ្គង់​ថាមពល​ជា​បន្ត​បន្ទាប់​ដោយ​មិន​អាស្រ័យ​លើ​អាកាសធាតុ ឬ​ពេល​វេលា​។

Advertisement