ណាសា​​បន្ទាន់​សម័យ​សុសវែរ​សម្រាប់​យាន​អវកាស​ Voyager ពី​ចម្ងាយ​ 19 ពាន់​លាន​គីឡូម៉ែត្រ

ប្រហែល​ 46 ឆ្នាំ​ បន្ទាប់​ពី​យាន​ Voyager 1 និង 2 របស់​ណាសា ចាប់​ផ្ដើម​ដំណើរ​ស្រាវ​ជ្រាវ​អវកាស​ សុសវែរ​ដែល​មាន​វ័យ​ចំណាស់​លើ​យាន​ទាំង​នេះ​ក៏​បន្ត​ត្រូវ​បាន​បន្ទាន់​សម័យ​ពី​ចម្ងាយ​។

ក្រុម​វិស្វករ​បន្ទាន់​សម័យ និង​ជួស​ជុល​សុសវែរ​ក្នុង​បំណង​គ្រប់​គ្រង​ទិន្នន័យ​​ខុស​​ឆ្គង​​ដែល​យាន​ Voyager 1 បាន​ចាប់​ផ្ដើម​បញ្ជូន​មក​តាំង​ពីឆ្នាំ​មុន​។ ការ​បន្ទាន់​សម័យ​មួយ​ចំនួន​ទៀត​គឺធ្វើ​ឡើង​​ក្នុង​គោល​ដៅ​ទប់​ស្កាត់​វត្ថុ​ធាតុ​កខ្វក់​ដែល​ប្រមូល​ផ្ដុំ​នៅ​លើ​ម៉ាស៊ីន​រុញ​ច្រាន​របស់​យាន​។ ការ​បន្ទាន់​សម័យ​ខាងលើ​នឹង​ជួយ​ឱ្យ​យាន​អវកាស​រក្សា​ទំនាក់​ទំនង​ជាមួយ​ផែនដី​បាន​យូរ​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ នេះ​បើ​តាម​ Space ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 23 តុលា​ 2023​។

កាល​ពី​ខែ​ឧសភា 2022 ណាសា​ចាប់​ផ្ដើម​ទទួល​ទិន្នន័យ​គ្មាន​តម្លៃ​ពី​ប្រព័ន្ធ​បញ្ជា និង​បង្វែរ​ទិស (AACS) នៅ​លើ​យាន Voyager 1 ដែល​មាន​តួនាទី​ជួយ​រក្សា​អង់តែង​របស់​យាន​នេះ​តម្រង់​មក​ចំ​ផែនដី​។​ លទ្ធផល​នៃ​ការ​ត្រួត​ពិនិត្យបង្ហាញ​ថា ​ហាដវែរ​របស់ AACS ​នៅ​តែ​ដំណើរ​ការ​ល្អ​ ប៉ុន្តែ​ដោយ​សារ​បញ្ហា​ដែល​មិន​ទាន់​ដឹង​ច្បាស់ AACS បញ្ជូន​ទិន្នន័យ​របស់​វា​ទៅ​តាម​កុំព្យូទ័រ​មួយ​ដែល​មិន​ប្រើ​ប្រាស់​នៅ​លើ​យាន​​ បណ្ដាល​ឱ្យ​ទិន្នន័យ​ប្រែ​ជា​មាន​ភាព​មិន​ត្រឹម​ត្រូវ​។

យ៉ាង​ណាក៏ដោយ ការ​ជួស​ជុល​កំហុស​ឆ្គង​ត្រូវ​បាន​រំពឹង​ថា​អាច​ដោះ​ស្រាយ​ដើម​ហេតុ​នៃ​បញ្ហា​ បន្ទាប់​ពី​ការ​បញ្ជូន​ទិន្នន័យ​ទៅកាន់​យាន​ Voyager 1 ដើម្បី​​ធ្វើ​ការ​បន្ទាន់​សម័យក្នុង​រយៈ​ពេល​​ជាង 20 ម៉ោង ​ត្រូវ​បាន​បញ្ចប់​។

យាន​អវកាស Voyager 1 និង 2 របស់​ណាសា ដែល​ត្រូវ​បាន​បាញ់​បង្ហោះមុន​ក្រោយ​គ្នា​ 16 ថ្ងៃ ក្នុង​​ឆ្នាំ 1977 ដើម​ឡើយ​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​អាច​​បំពេញ​បេសកកម្ម​​បាន​ 5 ឆ្នាំ​តែ​ប៉ុណ្ណោះ​។ យាន​ទាំង​នេះ​អាច​បង្វែរ​ទិស​របស់​អង់តែន​ដោយ​ស្វ័យ​ប្រវត្ត​ តាម​រយៈ​ការ​បញ្ឆេះ​ម៉ាស៊ីន​រុញ​ច្រាន​។ ក៏ប៉ុន្តែ ការ​បញ្ឆេះ​ម៉ាស៊ីន​រាល់​លើកគឺ​​សុទ្ធ​តែ​បន្សល់​វត្ថុ​ធាតុ​មួយ​ស្រទាប់​នៅ​លើ​បំពង់​បញ្ចូល​ឥន្ធនៈ​។ ក្រុម​វិស្វករ​បារម្ភ​ថា បំពង់​នេះ​អាច​នឹង​ត្រូវ​ស្ទះឆាប់​ៗ​នេះ​ ដូច្នេះ​ ក្នុង​ខែកញ្ញា និង​តុលា 2023 ពួក​គេ​ចាប់​ផ្ដើម​ទុក​ឱ្យ​យាន​វិល​​ច្រើន​ជាង​មុន​ ដើម្បី​កាត់​បន្ថយ​ការ​បញ្ឆេះ​ម៉ាស៊ីន​។ បើ​សិន​ជោគ​ជ័យ ការ​កែ​ប្រែ​នេះ​នឹង​ជួយ​ឱ្យ​យាន​បន្ត​ដំណើរ​ការ​បាន​យ៉ាង​ហោច​ 5 ឆ្នាំ​ទៀត​៕

Advertisement